អដ្ឋកថា វេរិជាតកទី ៣
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ អនាថបិណ្ឌិកសេដ្ឋី ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យត្ថ វេរី និវីសតិ ដូច្នេះជាដើម ។ បានឮថា អនាថបិណ្ឌិកសេដ្ឋីទៅកាន់ស្រុកសួយហើយ កំពុងដើរមក ជួបពួកចោរក្នុងរវាងផ្លូវ គិតថា មិនគួរស្នាក់ក្នុងរវាងផ្លូវ ត្រូវទៅឲ្យដល់នគរ សាវត្ថីនោះឯង ហើយដេញហ្វូងគោមកដល់នគរសាវត្ថីដោយរហ័ស ។ ស្អែក ឡើង ទៅកាន់វិហារ ក្រាបទូលរឿងនោះដល់ព្រះសាស្តាៗ ត្រាស់ថា ម្នាល គហបតី សូម្បីក្នុងកាលមុន បណ្ឌិតជួបចោរក្នុងចន្លោះផ្លូវ មិនស្នាក់នៅក្នុង ចន្លោះផ្លូវ ទៅរហូតដល់លំនៅខ្លួននោះឯង អនាថបិណ្ឌិកទូលអារាធនា ទើប ទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វសោយព្រះជាតិជាសេដ្ឋី មានសម្បត្តិច្រើន ទៅកាន់ ទីអញ្ជើញក្នុងស្រុក ដើម្បីការបរិភោគ កាលដើរត្រឡប់មក ជួបពួក ចោរក្នុងចន្លោះផ្លូវ មិនឈប់ក្នុងចន្លោះផ្លូវឡើយ ប្រញាប់ដេញគោទាំងឡាយ មកកាន់ផ្ទះរបស់ខ្លួននោះឯង បរិភោគអាហារដោយរសដ៏ប្រសើរ អង្គុយលើ អាសនៈដែលមានតម្លៃច្រើន ត្រិះរិះថា អាត្មាអញរួចផុតពីកណ្តាប់ដៃចោរ មកកាន់ផ្ទះដែលជាទីផុតភ័យ ហើយពោលគាថានេះ ដោយអំណាចនៃឧទាន ថា បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា អ្នកប្រាជ្ញមិនគប្បីនៅក្នុង ទីនោះ បុគ្គលនៅក្នុងសម្នាក់នៃបុគ្គលមានពៀរអស់ ១ រាត្រី ឬ ២ រាត្រី ក៏នាំមកនូវសេចក្តីទុក្ខ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា វេរី បានដល់ បុគ្គលដែលដល់ព្រមដោយ ចេតនាបង្ករនូវពៀរ ។ បទថា និវីសតិ ប្រែថា រមែងស្នាក់នៅ ។