អដ្ឋកថា ពាហិយជាតកទី ៨

ក្បាលទី 45 · ទំព័រ 963

ព្រះសាស្តា កាលទ្រង់អាស្រ័យនគរវេសាលី គង់នៅក្នុង កូដាគារសាលានាព្រៃមហាវ័ន ទ្រង់ប្រារព្ធស្តេចលិច្ឆវីមួយអង្គ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សិក្ខេយ្យ សិក្ខិតព្វានិ ដូច្នេះជាដើម ។ បានឮថា ស្តេចលិច្ឆវីអង្គនោះ ទ្រង់មានសទ្ធាជ្រះថ្លា និមន្តភិក្ខុ មានព្រះ សម្ពុទ្ធជាប្រធាន ទ្រង់ញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅក្នុងវាំងរបស់ព្រះអង្គ តែ ទេវីរបស់ទ្រង់ មានអវ័យវៈធាត់គ្រប់ចំណែក ដូចគ្នានឹងនិមិត្តសាកសពដែល ហើមបោង មិនសម្បូរដោយមារយាទ ព្រះសាស្តាទ្រង់ធ្វើអនុមោទនា ក្នុង កាលស្រេចភត្តកិច្ចហើយ យាងទៅព្រះវិហារ ប្រទានឱវាទដល់ភិក្ខុទាំងឡាយ ទ្រង់ចូលព្រះគន្ធកុដិ ភិក្ខុទាំងឡាយនាំគ្នាផ្តើមសន្ទនាក្នុងរោងធម្មសភាថា នែ អាវុសោទាំងឡាយ ស្តេចលិច្ឆវីអង្គនោះ មានព្រះរូបល្អបែបនេះ តែមានព្រះ ទេវីមានលក្ខណៈផ្ទុយគ្នា មានអវ័យវៈតូច-ធំថ្លោស មិនមានកិរិយាមារយាទ ព្រះរាជាទ្រង់អភិរមជាមួយព្រះទេវីបានដូចម្តេច ព្រះសាស្តាយាងមកត្រាស់ សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយ រឿងអ្វី កាលភិក្ខុទាំងឡាយទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គដ៏ចម្រើន ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ស្តេចលិច្ឆវីអង្គ នេះ មិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ក៏ទ្រង់អភិរម ជាមួយស្រីដែលមានរាងកាយធាត់ដូចគ្នា ហើយទ្រង់បាននាំអតីតនិទានមក សាធកៈដូចតទៅ