អដ្ឋកថា ទុព្វចជាតកទី ៦
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ប្រដៅក្រមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អតិករមករាចរិយ ដូច្នេះជាដើម ។ រឿងរបស់ភិក្ខុនោះ មានជាក់ច្បាស់ក្នុងគិជ្ឈជាតក ក្នុងនវកនិបាតឯណោះ តែក្នុងជាតកនេះ ព្រះសាស្តាត្រាស់ហៅភិក្ខុនោះមក ត្រាស់ថា ម្នាលភិក្ខុ មិន មែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែលអ្នកជាបុគ្គលប្រដៅក្រ សូម្បីក្នុង កាលមុន ក៏ជាអ្នកប្រដៅក្រដូចគ្នា ព្រោះភាពជាអ្នកប្រដៅក្រ មិនធ្វើតាម ឱវាទនៃបណ្ឌិត ទើបត្រូវលំពែងជង់ស្លាប់ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វបដិសន្ធិក្នុងកំណើតអ្នករបាំ ជំនាញខាងលោត ចម្រើនវ័យហើយ បានជាអ្នកមានបញ្ញា ឈ្លាសក្នុងឧបាយ សិក្សាសិប្បៈ ក្នុងការលោតឆ្លងលំពែង ក្នុងសំណាក់អាចារ្យម្នាក់ ហើយដើរសម្តែងសិប្បៈ ជាមួយអាចារ្យ តែអាចារ្យនោះ ចេះសិប្បៈក្នុងការលោតឆ្លងលំពែងបានត្រឹម ៤ ដើមបុណ្ណោះ មិនបាន ៥ ដើមទេ ។ ថ្ងៃមួយ អាចារ្យសម្តែងសិប្បៈក្នុង ស្រុកមួយ ដោយស្រវឹងស្រា ហើយពោលថា យើងនឹងលោតឆ្លងលំពែង ៥ ដើម ហើយឲ្យដោតលំពែងរៀងគ្នា ។ កាលនោះ ព្រះពោធិសត្វពោលនឹង អាចារ្យថា បពិត្រលោកអាចារ្យ លោកមិនចេះសិប្បៈលោតឆ្លងលំពែង ៥ ដើមទេ សូមយកលំពែង ១ ដើមចេញ បើលោកនៅតែលោត នឹងត្រូវ លំពែងទី ៥ មុតស្លាប់ពិត តែព្រោះស្រវឹង ទើបអាចារ្យពោលថា សូម្បីខ្លួនអ្នក ក៏មិនដឹងកម្រិតសមត្ថភាពរបស់យើង មិនបានជឿនូវពាក្យរបស់ព្រះពោធិសត្វ លោតឆ្លងទៅបាន ៤ ដើម ត្រូវលំពែងទី ៥ ដោត ដូចផ្កាស្រគំក្នុង ឈើអណ្តោត ដូច្នោះ ដេកសោកសៅ កាលនោះ ព្រះពោធិសត្វពោលនឹង