អដ្ឋកថា ទុម្មេធជាតកទី ២

ក្បាលទី 45 · ទំព័រ 1029

ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធទេវទត្តភិក្ខុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យសំ លទ្ធាន ទុម្មេធោ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ភិក្ខុទាំងឡាយ នាំគ្នាពោលទោសរបស់ទេវទត្ត ក្នុង ធម្មសភាថា អាវុសោទាំងឡាយ ទេវទត្តភិក្ខុសម្លឹងមើលព្រះភក្ត្រដែលទ្រទ្រង់ សិរី ដូចព្រះចន្ទពេញវង់ និងអត្តភាពដែលប្រដាប់ដោយអនុព្យញ្ជនៈ ៨០ និងមហាបុរិសលក្ខណៈ ៣២ ប្រការ ចោមរោមដោយព្រះរស្មីប្រមាណមួយ ព្យាម ដល់នូវលម្អដ៏លើស បញ្ចេញព្រះពុទ្ធរស្មីជាគូៗ ដោយអាការផ្សេងៗ ស្តាប់សំឡេងរបស់ព្រះតថាគតហើយ មិនអាចញ៉ាំងចិត្តឲ្យជ្រះថ្លាបាន មិន មែនតែបុណ្ណោះ ទាំងធ្វើនូវឫស្យាទៀតផង មិនអាចអត់ធន់ ក្នុងកាលដែល មានបុគ្គលពោលថា ធម្មតាព្រះពុទ្ធទាំងឡាយ ទ្រង់ប្រកបដោយសីល សមាធិ បញ្ញា វិមុត្តិ ញាណទស្សនៈបែបនេះ ធ្វើនូវការច្រណែនតែម្យ៉ាង ព្រះសាស្តា យាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយអង្គុយសន្ទនាគ្នា ដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដោយ រឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះ បុណ្ណោះទេ ដែលទេវទត្តធ្វើនូវការច្រណែនក្នុងតថាគត ក្នុងកាលមាន អ្នកដទៃពោលដល់គុណរបស់តថាគត សូម្បីក្នុងកាលមុន ក៏ធ្លាប់ធ្វើហើយ ដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅ ក្នុងអតីតកាល ព្រះបាទមគធៈ សោយរាជសម្បត្តិនៅក្នុងនគររាជគ្រឹះ ព្រះពោធិសត្វកើតក្នុងកំណើតដំរីសសុទ្ធ ដល់ព្រមដោយរូបសម្បត្តិ ដូច ពណ៌នាមកហើយខាងដើម ព្រះរាជាអង្គនោះទ្រង់ព្រះតម្រិះថា ដំរីនេះសម្បូរ ដោយលក្ខណៈ ទើបទ្រង់តែងតាំងជាមង្គលហត្ថី លុះដល់ថ្ងៃមហោស្រព ម