អដ្ឋកថា នង្គលីសជាតកទី ៣
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ លោឡុទាយិត្ថេរ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អសព្វត្ថ គាមឹ វាចំ ដូច្នេះជាដើម ។ បានឮថា ព្រះថេរៈនោះ កាលពោលធម៌ មិនបានដឹងបទដែលគួរ និង មិនគួរថា ក្នុងទីនេះ គួរពោលបទនេះ ក្នុងទីនេះ មិនគួរពោលបទនេះ ក្នុង ការងារមង្គល ពោលអវមង្គល ពោលអនុមោទនាអវមង្គលថា ប្រេតទាំងឡាយ មកកាន់ផ្ទះរបស់ខ្លួន ឋិតនៅខាងក្រៅជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែក ជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ។ កាលការងារអវមង្គល បែរជា ពោលអនុមោទនាថា ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នារកសួស្តី បានគិតរកមង្គលទាំងឡាយ … ហើយពោលបញ្ជាក់ថា សូមឲ្យពួកអ្នកអាច ធ្វើមង្គលបែបនោះឲ្យបាន ១០០ ដង ១០០០ ដងចុះ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ នាំគ្នាលើករឿងនេះឡើង សន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ លោឡុទាយិភិក្ខុ មិនបានដឹងបទដែលគួរ និងមិនគួរ ពោលវាចាដែលមិនគួរ ពោលទួទៅគ្រប់ទីកន្លែង ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុ ទាំងឡាយទូលឲ្យទ្រង់ជ្រាបថា បពិត្រព្រះអង្គដ៏ចម្រើន ដោយរឿងឈ្មោះ នេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះ ប៉ុណ្ណោះទេ ដែលលោឡុទាយីនេះ មានបដិភាណមិនរហ័ស កាលពោល ក៏មិនដឹងបទដែលគួរ និងមិនគួរ សូម្បីក្នុងកាលមុនក៏យ៉ាងនេះ លោកជាអ្នក ឡេះឡោះនោះឯង ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណមហាសាល ចម្រើនវ័យ ហើយ រៀនសព្វសិប្បវិទ្យាក្នុងនគរតក្កសិល