អដ្ឋកថា មូសិកជាតកទី ៨
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេនពន ទ្រង់ប្រារព្ធភិក្ខុ កុហកមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យោ វេ ធម្មទ្ធជំ កត្វា ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ក្នុងកាលនោះ កាលភិក្ខុទាំងឡាយក្រាបទូលភាពដែល ភិក្ខុនោះ ជាអ្នកកុហកឲ្យទ្រង់ជ្រាបហើយ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ភិក្ខុ នេះក៏កុហកដូចគ្នា ទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វបដិសន្ធិក្នុងកំណើតកណ្តុរ អាស្រ័យការចម្រើន ធំធាត់ មានរាងកាយដូចកូនជ្រូកដែលទើបកើត មានកណ្តុរច្រើនរយជាបរិវារ ត្រាច់ទៅក្នុងព្រៃ កាលនោះ មានឆ្កែចចកមួយក្បាល ត្រាច់ទៅតាមទំនើង ឃើញហ្វូងកណ្តុរនោះ គិតថា អញនឹងកុហក ស៊ីកណ្តុរទាំងនេះ ហើយងើប មុខសម្លឹងមើលព្រះអាទិត្យ ស្រូបយកខ្យល់ ឈរដោយជើងម្ខាង ក្នុងទីមិន ឆ្ងាយអំពីទីអាស្រ័យរបស់ហ្វូងកណ្តុរ ព្រះពោធិសត្វត្រាច់រកស៊ីឃើញហើយ គិតថា ចចកនេះ ប្រហែលជាអ្នកមានសីល ទើបចូលទៅកាន់សម្នាក់របស់ ចចក សួរថា លោកដ៏ចម្រើន លោកឈ្មោះអ្វី ចចកឆ្លើយថា យើងឈ្មោះ ធម្មិកៈ កណ្តុរសួរថា លោកមិនឈរលើផែនដីដោយជើងទាំង ៤ ឈរតែ ជើងមួយ ព្រោះហេតុអ្វី ចចកឆ្លើយថា បើយើងជាន់ផែនដីដោយជើងទាំង ៤ ផែនដី មិនអាចទ្រទ្រង់បាន ហេតុនោះ យើងត្រូវឈរជើង ១ បុណ្ណោះ កណ្តុរសួរថា ហេតុអ្វី ចាំបាច់ឈរហាមាត់ ចចកឆ្លើយថា យើងមិនស៊ីអាហារ ដទៃ ស៊ីខ្យល់តែម្យ៉ាង កណ្តុរសួរថា បើដូច្នោះ ហេតុអ្វី ចាំសម្លឹងមើលព្រះ អាទិត្យ ចចកឆ្លើយថា យើងនមស្ការព្រះអាទិត្យ ព្រះពោធិសត្វស្តាប់ពាក្យ ចចកហើយ គិតថា