អដ្ឋកថា អសម្បទានជាតកទី ១

ក្បាលទី 45 · ទំព័រ 1078

ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធទេវទត្តភិក្ខុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អសម្បទានេនិតរីតរស្ស ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ក្នុងកាលនោះ ភិក្ខុទាំងឡាយលើករឿងឡើងសន្ទនា គ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ទេវទត្តជាបុគ្គលអកតញ្ញូ មិនដឹង គុណរបស់ព្រះតថាគត ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកអង្គុយប្រជុំគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ ព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន តែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ ដែលទេវទត្តជាបុគ្គលអកតញ្ញូ សូម្បីតែក្នុង កាលមុន ក៏អកតញ្ញូដូចគ្នា ហើយទ្រង់នាំយកអតីតនិទានមកសាធកៈដូចតទៅក្នុង អតីតកាល ព្រះរាជាមគធៈមួយអង្គ សោយរាជសម្បត្តិនៅក្នុង នគររាជគ្រឹះ ដែនមគធៈ ព្រះពោធិសត្វសោយព្រះជាតិជាសេដ្ឋី ក្នុងរជ្ជកាល របស់ព្រះរាជាអង្គនោះ មានសម្បត្តិ ៨០ កោដិ ឈ្មោះសង្ខសេដ្ឋី ។ ក្នុង នគរពារាណសីមានសេដ្ឋីម្នាក់ មានសម្បត្តិ ៨០ កោដិ ឈ្មោះបិលិយសេដ្ឋី សេដ្ឋីទាំង ២ នោះជាសម្លាញ់នឹងគ្នា ។ ក្នុងសេដ្ឋីទាំង ២ នោះ បិលិយសេដ្ឋី ក្នុងនគរពារាណសី ជួបនូវភ័យយ៉ាងមហន្ត ដោយការងារឯណានីមួយ រើខ្លួន មិនរួច រហូតក្លាយជាមនុស្សក្រីក្រ គ្មានទីពឹង បបួលភរិយាធ្វើដំណើរមករក សង្ខសេដ្ឋី ។ ចេញអំពីនគរពារាណសី មកកាន់នគររាជគ្រឹះដោយជើងទទេ រហូតដល់និវេសន៍របស់សង្ខសេដ្ឋី ។