អដ្ឋកថា ចន្ទាភជាតកទី ៥
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការ ព្យាករណ៍បញ្ញារបស់ព្រះថេរៈនោះឯង ត្រង់ទ្វារសង្កស្សនគរ ត្រាស់ព្រះ ធម្មទេសនានេះ មានពាក្យផ្តើមថា ចន្ទាភំ ដូច្នេះ ។ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកំពុងធ្វើកាលកិរិយាក្នុងជាយព្រៃ ត្រូវពួកអន្តេវាសិកសាកសួរ ក៏ពោលថា ចន្ទាភំ សុរិយាភំ ពន្លឺព្រះចន្ទ ពន្លឺព្រះអាទិត្យ ដូច្នេះហើយ កើតក្នុងអាភស្សរព្រហ្ម ។ ពួកតាបសមិនជឿអន្តេវាសិកធំ ព្រះ ពោធិសត្វ មកអំពីអាភស្សរព្រហ្ម ស្ថិតក្នុងអាកាស ពោលគាថានេះថា បុគ្គលណា ក្នុងលោកនេះ បាននូវកសិណ មានពន្លឺដូចព្រះចន្រ្ទ ( ឱទាតកសិណ ) មានពន្លឺដូចព្រះអាទិត្យ ( បីតកសិណ ) ដោយបញ្ញា បុគ្គលនោះ រមែងទៅកើតក្នុងអាភស្សរព្រហ្មលោក ដោយឈានមិនមានវិតក្ក ( ទុតិយជ្ឈាន ) ដូច្នេះ ។ បណ្តាពាក្យទាំងនោះ ព្រះពោធិសត្វសម្តែងឱទាតកសិណ ដោយបទថា ចន្ទាភំ សម្តែងបីតកសិណ ដោយបទថា សុរិយាភំ ។ បទថា យោធ បញ្ញាយ គាធតិ សេចក្តីថា បុគ្គលណាក្នុងសត្វលោកនេះ ឈមចុះបានដោយបញ្ញានូវកសិណទាំង ២ យ៉ាងនេះ គឺធ្វើឲ្យជាអារម្មណ៍ បញ្ជូនចិត្តទៅ ឬតាំងចិត្តទុកបានក្នុងកសិណទាំង ២ យ៉ាងនោះ បរិយាយ មួយទៀត បទថា ចន្ទាភំ សុរិយាភញ្ច យោធ បញ្ញាយ គាធតិ សេចក្តីថា ពន្លឺព្រះចន្ទ និងពន្លឺព្រះអាទិត្យផ្សាយទៅក្នុងទីមានប្រមាណបុនណា បុគ្គល ចម្រើនបដិភាគកសិណក្នុងទីមានប្រមាណបុណ្ណោះ ធ្វើបដិភាគកសិណនោះ ឲ្យជាអារម្មណ៍ ញ៉ាំងឈានឲ្យកើត ក៏រមែងឈ្មោះថា ឈមចុះកាន់ពន្លឺទាំងពីរ នោះបានដោយបញ្ញា ព្រោះហេតុនោះ សេចក្តីនេះ ជាការអធិប្បាយសេចក្តី ក្នុងបទទាំងនោះបានដូចគ្នា ។