អដ្ឋកថា ពព្វុជាតកទី ៧
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ សិក្ខាបទដែលទ្រង់បញ្ញត្ត ដោយមានកាណមាតាជាហេតុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យត្ថេកោ លភតេ ពព្វុ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងនគរសាវត្ថី ឧបាសិកាប្រាកដនាមតាមកូនស្រីថា កាណមាតា បានជាអរិយសាវិកាដែលជាសោតាបន្ន នាងបានលើកកូនស្រី ឈ្មោះកាណាឲ្យដល់បុរសអ្នកមានជាតិស្មើគ្នា ក្នុងស្រុកមួយ ។ នាងកាណា ត្រឡប់មកកាន់ផ្ទះរបស់មាតាដោយករណីយកិច្ចឯណាមួយ បន្ទាប់មក ស្វាមី របស់នាងកាណាលុះកន្លងទៅ ២-៣ ថ្ងៃ ក៏បញ្ជូនទូតទៅថា ចូរនាងកាណា ត្រឡប់មក យើងត្រូវការឲ្យនាងកាណាត្រឡប់ ។ នាងកាណាស្តាប់ពាក្យ របស់ទូតហើយ លាមាតាថា បពិត្រអ្នកម៉ែ ខ្ញុំនឹងទៅ មាតាពោលថា កាណា នាងនៅយូរបែបនេះ នឹងទៅដៃទទេដូចម្តេច ហើយចេនោនំ ។ ខណៈនោះឯង ភិក្ខុមួយរូប មានប្រក្រតីត្រាច់បិណ្ឌបាតជាវត្ត បាន ទៅដល់លំនៅរបស់នាង ឧបាសិកានិមន្តលោកឲ្យគង់ហើយ ប្រគេននំ ពេញបាត្រ ភិក្ខុនោះចេញទៅហើយ ក៏ប្រាប់ដល់ភិក្ខុដទៃ ឧបាសិកាក៏ប្រគេន ដល់ភិក្ខុនោះដោយទំនងនោះឯង ភិក្ខុរូបនោះក៏ត្រឡប់ចេញទៅ ហើយប្រាប់ ដល់ភិក្ខុរូបដទៃ ឧបាសិកាក៏ប្រគេនដល់ភិក្ខុនោះទៀត បន្តៗ គ្នា រហូតដល់ ៤ រូប ។ នំដែលបានត្រៀមក៏អស់ទៅ នាងកាណាក៏ខកខានទៅ ។ គ្រានោះ ប្តីរបស់នាងកាណា ក៏បញ្ជូនទូតទៅអស់វារៈ ២ ដង លុះគ្រាទី ៣ បញ្ជូនទូត ទៅ មួយអន្លើដោយពាក្យថា បើនាងកាណាមិនព្រមមក យើងនឹងនាំស្រីដទៃ មកជាភរិយា អស់វារៈទាំង ៣ នាងកាណាក៏មិនទាន់ទៅបាន ដោយរវល់ចាំ យកនំនោះឯង ទើបប្តីរបស់នាងនាំស្រីដទៃមកជាភរិយា នាងកាណាបានស្តាប់ រឿងនោះហើយ ក៏ទ្រហោយំ ។ ព្រះសាស្តាទ្រង់ជ្រាបរឿងនោះ ព្រឹកឡើង ក៏ទ្រង់ស្លៀកស្បង់