អដ្ឋកថា កាកជាតកទី ១០
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការ ប្រព្រឹត្តប្រយោជន៍ដល់ពួកញាតិ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា និច្ចំ ឧព្វិគ្គហទយា ដូច្នេះជាដើម ។ រឿងក្នុងបច្ចុប្បន្នមានប្រាកដក្នុងភទ្ទសាលជាតក ក្នុងទ្វាទសកនិបាត ។ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតក្អែក ។ ថ្ងៃមួយ បុរោហិតរបស់ ព្រះរាជា ងូតទឹកក្នុងស្ទឹងក្រៅព្រះនគរ ប្រោះព្រំរាងកាយ ប្រដាប់ដោយផ្កា ស្លៀកសំពត់សមសក្តិ កំពុងចូលព្រះនគរ ត្រង់ចុងសសរបន្ទាយក្បែរទ្វារ នគរ ក្អែក ២ កំពុងទំ ។ ក្នុងក្អែក ២ នោះ ក្អែកមួយពោលនឹងក្អែកមួយ ទៀតថា សម្លាញ់ អញនឹងជុះអាចម៍ដាក់ក្បាលព្រាហ្មណ៍នេះ ក្អែកមួយទៀត ជំទាស់ថា ឯងកុំគិតសប្បាយយ៉ាងនោះឡើយ ព្រាហ្មណ៍នេះជាអ្នកធំ ឈ្មោះ ថា ការបង្កនូវពៀរជាមួយឥស្សរជន ធ្ងន់ណាស់ ព្រោះបើគាត់ក្រោធខឹង ហើយ នឹងធ្វើក្អែកទាំងអស់ឲ្យវិនាសបាន ក្អែកនោះពោលថា ខ្ញុំមិនអាចប្តូរ ចិត្តបានទេ ក្អែកមួយទៀតពោលថា បើដូច្នោះ ឯងគង់តែបានដឹង ហើយហើរ ទៅ ។ ក្អែកនោះ កាលព្រាហ្មណ៍មកដល់ខាងក្រោមសសរបន្ទាយ ក៏ជុះដាក់ ក្បាលព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍នោះក្រោធខឹង ចងពៀរក្នុងហ្វូងក្អែក ។ ក្នុងកាលនោះ ស្រីស៊ីឈ្នួលបុកអង្ករម្នាក់ យកស្រូវហាលកម្តៅថ្ងៃត្រង់ ទ្វារផ្ទះ អង្គុយយាមនោះឯង ក៏ដេកលក់ទៅ ពពែរោមវែងមួយ ដឹងថា ស្រី នោះប្រមាទ ក៏មកស៊ីស្រូវ នាងភ្ញាក់ឡើងឃើញ ក៏ដេញទៅ ។ ពពែមក លួចស៊ីស្រូវ ក្នុងពេលដែលនាងដេកលក់យ៉ាងនោះឯង ២-៣ ដង នាងក៏ ដេញទៅ លើកទី ៣ គិតថា បើវាស៊ីច្រើនដង នឹងស៊ីស្រូវអស់ពាក់កណ្តាល ចំនួនដែលអញត្រូវបុក ពេលនេះ អញនឹងមិនឲ្យវាមកបានទៀត