អដ្ឋកថា កាកជាតក ទី ៦
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ចាស់ៗ ជាច្រើនរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អបិ នុ ហនុកា សន្តា ដូច្នេះជាដើម ។ បានឮថា ភិក្ខុទាំងនោះ កាលជាគ្រហស្ថ ជាកុដុម្ពិកៈក្នុងក្រុងសាវត្ថី ជា អ្នកស្តុកស្តម្ភដោយទ្រព្យ ជាសម្លាញ់នឹងគ្នា ធ្វើបុណ្យរួមគ្នា ស្តាប់ព្រះធម៌ ទេសនារបស់ព្រះសាស្តាហើយ នាំគ្នាត្រិះរិះថា ពួកយើងជាមនុស្សចាស់ មាន ប្រយោជន៍អ្វីដល់ពួកយើង ដោយការនៅគ្រប់គ្រងផ្ទះ ពួកយើងនឹងបួសក្នុង ព្រះពុទ្ធសាសនា ដែលគួរជាទីត្រេកអរក្នុងសម្នាក់ព្រះសាស្តា នឹងធ្វើទីបំផុត នៃទុក្ខ ដូច្នេះហើយ លើកសម្បត្តិទាំងពួងឲ្យដល់កូនចៅជាដើម លះពួកញាតិ ដែលមានមុខជោកដោយទឹកភ្នែក ទូលសូមបព្វជ្ជានឹងព្រះសាស្តា កាលបួស ហើយ មិនបានបបួលគ្នាធ្វើសមណធម៌ ដែលសមគួរដល់បព្វជ្ជា សូម្បីព្រះធម៌ ក៏មិនសិក្សា ព្រោះភាពជាមនុស្សចាស់ សូម្បីបួសហើយ ក៏ដូចកាលនៅជា គ្រហស្ថ ឲ្យមនុស្សសាងបណ្ណសាលាខាងចុងវិហារ នៅរួមគ្នានោះឯង គ្រាត ្រាច់បិណ្ឌបាត ក៏មិនបានទៅទីដទៃ បបួលគ្នាទៅឆាន់ត្រង់ផ្ទះកូនប្រពន្ធរបស់ ខ្លួននោះឯង ។ ក្នុងបណ្តាមនុស្សទាំងនោះ ភរិយាចាស់របស់ព្រះថេរៈមួយរូប មានឧបការៈដល់ព្រះថេរៈចាស់ៗ ទាំងពួង ហេតុនោះ សូម្បីព្រះថេរៈដ៏សេស ក៏កាន់យកអាហារដែលខ្លួនបាន មកអង្គុយឆាន់ក្នុងផ្ទះរបស់នាង ។ ឯនាងក៏ ប្រគេនសម្លតាមដែលខ្លួនរៀបចំដល់ព្រះថេរៈទាំងនោះ ។ នាងមានអាពាធ