អដ្ឋកថា សិង្គាលជាតកទី ៨

ក្បាលទី 45 · ទំព័រ 1167

ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការ សង្កត់សង្កិនកិលេស ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នាហំ បុនំ ន ច បុនំ ដូច្នេះជាដើម ។ បានឮថា កូនសេដ្ឋីក្នុងក្រុងសាវត្ថី ប្រមាណ ៥០០ នាក់ ជាសម្លាញ់ នឹងគ្នា មានសម្បត្តិសន្ធឹកសន្ធាប់ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ នាំគ្នាបួសថ្វាយជីវិតក្នុងព្រះសាសនា នៅក្នុងកុដិខាងចុងវិហារវត្តជេតពន ។ ថ្ងៃមួយ ក្នុងពេលកណ្តាលយប់ ការត្រិះរិះអាស្រ័យកិលេសជាម្ចាស់ផ្ទះ បាន កើតឡើងដល់ពួកភិក្ខុទាំងនោះ ពួកលោកក៏អផ្សុក កើតចិត្តុប្បាទ ដើម្បីវិលត្រឡប់ ទៅរកកិលេសដែលខ្លួនលះបង់ហើយម្តងទៀត ។ កាលនោះ ព្រះសាស្តា ទ្រង់ទ្រោលប្រទីប ដែលមានសព្វញ្ញុតញ្ញាណជាដង ក្នុងកណ្តាល រត្តិកាល ទ្រង់ប្រមើលមើលអធ្យាស្រ័យរបស់ភិក្ខុទាំងឡាយថា ពួកភិក្ខុនាំគ្នា ស្នាក់នៅខាងចុងវិហារវត្តជេតពន មានសេចក្តីត្រិះរិះ ដោយសេចក្តីត្រេកអរ ដូចម្តេចហ្ន៎ ។ ទ្រង់បានជ្រាបភាពដែលភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះក្នុង កាមរាគៈ កើតឡើងក្នុងខាងក្នុង ។ ធម្មតាព្រះសាស្តា រមែងរក្សាសាវ័ក របស់ព្រះអង្គ ដូចស្រីមានបុត្រតែមួយ ថ្នាក់ថ្នមបុត្ររបស់ខ្លួន ឬដូចបុគ្គល មានភ្នែកតែម្ខាង រក្សាភ្នែករបស់ខ្លួន ។ ក្នុងសម័យណា មានពេលព្រឹក ជាដើម កិលេសទាំងឡាយកើតដល់ពួកសាវ័កនោះ ទ្រង់ក៏មិនព្រមឲ្យ កិលេសទាំងនោះរបស់សាវ័កទាំងនោះ ចម្រើនជាងនោះ ទ្រង់សង្កត់សង្កិន ក្នុងសម័យនោះៗ ឯង ដោយហេតុនោះ ទើបទ្រង់មានព្រះបរិវិតក្កថា កាល នេះ ដូចគ្នានឹងកាលដែលពួកចោរកើតឡើង ខាងក្នុងព្រះនគររបស់ស្តេច ចក្រពត្តិ ដូច្នោះ ។ តថាគតត្រូវតែសម្តែងធម្មទេសនាសង្កត់សង្កិននូវគំនរ កិលេស ហើយឲ្យអរ