សញ្ជីវជាតកទី ១០
ក្បាលទី 45 · ទំព័រ 1183
( អាចារ្យទិសាបាមោក្ខពោធិសត្វពោលថា ) បុគ្គលណា លើកតម្កើងនូវជន ជាអសប្បុរសផង ចូលទៅសេបគប់នូវជន ជាអសប្បុរស ផង ជនជាអសប្បុរសនោះ រមែងធ្វើនូវបុគ្គលនោះឯង ឲ្យទៅជាអាហារ ដូច ខ្លា និងសញ្ជីវមាណព ។ សញ្ជីវជាតកទី ១០ ចប់ កកណ្តកវគ្គទី ១៥ ចប់ ឧទ្ទាននៃកកណ្តកវគ្គនោះ គឺ និយាយអំពីបុគ្គលដល់នូវសេចក្តីសុខ ១ ដំបងប្រសើរ ១ ខួរក្បាល ១ កន្ទុយ ១ សេកឈ្មោះរាធៈដ៏ប្រសើរជាគម្រប់ប្រាំ ១ សមុទ្រ ១ មហោស្រពខែ កត្តិក ១ ពោះដំរី ១ ឈើដុះ ៤ ធ្នាប់ ១ ខ្លាដ៏ប្រសើរ ១ ត្រូវជា ១០ ។ ឧទ្ទាននៃវគ្គមានក្នុងឯកនិបាតនោះ គឺ អបណ្ណកវគ្គ ១ សីលវគ្គ ១ កុរុង្គវគ្គ ១ កុលាវកវគ្គ ១ អដ្ឋកាមវគ្គ ជាគម្រប់ប្រាំ ១ អសឹសវគ្គ ១ ឥត្ថីវគ្គ ១ វរុណវគ្គ ១ អបាយិម្ហវគ្គ ១ លិត្តវគ្គ ១ ត្រូវជា ១០ បរោសតវគ្គ ១ ហំសិវគ្គ ១ កុសនាឡិវគ្គ ១ អសម្បទានវគ្គ ១ កកណ្តកវគ្គ ១ ក្នុងឯកនិបាតប្រដាប់ ( ដោយវគ្គ ដូច្នេះឯង ) ។