រាជោវាទជាតកទី ១
ក្បាលទី 46 · ទំព័រ 2
( សារថីរបស់ព្រះបាទពល្លិកពោលថា ) ព្រះបាទពល្លិក រមែងបោះនូវរបស់មាំ ដល់បុគ្គលអ្នកមាំ ឈ្នះនូវបុគ្គលទន់ ដោយកិរិយាទន់ ឈ្នះនូវសប្បុរសដោយសប្បុរស ឈ្នះនូវអសប្បុរសដោយអសប្បុរស ព្រះរាជា នេះ ( មានសីលនិងអាចារៈ ) ប្រាកដដូច្នេះ ម្នាលសារថីអ្នកចូរចៀស ចេញអំពីផ្លូវទៅ ។ ( សារថីរបស់ព្រះបាទពារាណសីពោលថា ) ព្រះរាជាគប្បី ឈ្នះបុគ្គលអ្នកក្រោធ ដោយសេចក្តីមិនក្រោធ គប្បីឈ្នះអសប្បុរសដោយ សប្បុរស គប្បីឈ្នះបុគ្គលកំណាញ់ ដោយការឲ្យ គប្បីឈ្នះបុគ្គលអ្នកពោល ពាក្យកុហកដោយការពោលពាក្យពិត ព្រះរាជានេះ ( មានសីលនិងអាចារៈ ) ប្រាកដដូច្នេះ ម្នាលសារថី អ្នកចូរចៀសចេញអំពីផ្លូវទៅ ។