អដ្ឋកថា អលីនចិត្តជាតកទី ៦

ក្បាលទី 46 · ទំព័រ 35

[ ១៦១-១៦២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ ប្រារព្ធភិក្ខុលះបង់សេចក្តីព្យាយាមមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា អលីនចិត្តំ និស្សាយ ដូច្នេះជាដើម ។ រឿងមានច្បាស់ក្នុងសំវរជាតក ឯកាទសកនិបាតឯណោះ ។ ភិក្ខុនោះ កាលព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុបានឮថា អ្នកបោះបង់សេចក្តីព្យាយាមពិតឬ ក៏ក្រាបទូលថា ករុណាព្រះអង្គពិតមែន ។ សម័យនោះ ព្រះសាស្តាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុកាលមុនអ្នកបាន ធ្វើសេចក្តីព្យាយាមដណ្តើមរាជសម្បត្តិក្នុងនគរពារាណសី ប្រមាណ ១២ យោជន៍ ថ្វាយរាជកុមារដែលទើបនឹងកើតដូចគ្នានឹងដុំសាច់មិនមែនឬ ព្រោះ ហេតុអ្វីក្នុងកាលឥឡូវនេះអ្នកបួសក្នុងសាសនាបែបនេះបែរជាបោះបង់សេចក្តី ព្យាយាម ហើយទ្រង់នាំអតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិនៅក្នុងនគរពារាណសី មានស្រុកជាងឈើនៅមិនឆ្ងាយអំពីនគរពារាណសីនោះ ។ ពួកជាង ឈើ ៥០០ នាក់អាស្រ័យនៅក្នុងទីនោះ ពួកគេធ្វើដំណើរដោយទូក ហើយ ចូលទៅកាន់ព្រៃកាប់ឈើដើម្បីធ្វើប្រាសាទច្រើនប្រភេទមាន ប្រាសាទមួយជាន់ ពីរជាន់ជាដើមក្នុងទីនោះឯង ហើយធ្វើគ្រឿងសម្គាល់ទុកក្នុងឈើគ្រប់ចម្រៀក តាំងអំពីសសរជាដើម ជញ្ជូនទៅកាន់ឆ្នេរស្ទឹងដាក់ទូកនាំមកកាន់ព្រះនគរតាម ផ្លូវទឹក បុគ្គលណាត្រូវការផ្ទះប្រភេទណា ក៏សង់ផ្ទះប្រភេទនោះដល់បុគ្គល នោះ ហើយទទួលយកកហាបណៈត្រឡប់ទៅនាំគ្រឿងផ្ទះនោះមកទៀត ។