អដ្ឋកថា គុណជាតកទី ៧
[ ១៦៣-១៦៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពនវិហារ ទ្រង់ប្រារព្ធ ព្រះអានន្ទត្ថេរបានសំពត់សាដក ១០០០ ផ្ទាំង ត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា យេន កាមំ បណាមេតិ ដូច្នេះជាដើម ។ រឿងព្រះថេរៈបង្រៀនធម៌ក្នុងព្រះរាជវាំងរបស់ព្រះបាទកោសល មានមកហើយ ក្នុងមហាសារជាតកខាងដើមនោះឯង ។ ព្រះថេរៈកាលបង្រៀនធម៌ខាងក្នុងព្រះរាជវាំងរបស់ព្រះរាជា មានអ្នកនាំ សំពត់សាដក ១០០០ ផ្ទាំង ១ ផ្ទាំងតម្លៃ ១០០០ មកថ្វាយដល់ព្រះរាជា ព្រះរាជាបានព្រះរាជទានសំពត់សាដក ៥០០ ផ្ទាំងដល់ព្រះទេវី ៥០០ រូប ស្ត្រីទាំងនោះរក្សាសាដកទាំងនោះទុក ស្អែកឡើងបាននាំទៅប្រគេនព្រះអានន្ទ ខ្លួនឯងដណ្តប់សំពត់សាដកចាស់ចូលគាល់ព្រះរាជាក្នុងពេលព្រឹក ព្រះរាជា ត្រាស់សួរថា យើងឲ្យសំពត់សាដកតម្លៃ ១០០០ ដល់ពួកនាងព្រោះហេតុ អ្វីទើបពួកនាងមិនដណ្តប់សំពត់ទាំងនោះ ស្ត្រីទាំងនោះទូលថា បពិត្រព្រះអង្គ ពួកខ្ញុំម្ចាស់បានប្រគេនសំពត់ទាំងនោះដល់ព្រះថេរៈហើយ ។ ព្រះរាជាសួរថា ព្រះអានន្ទត្ថេរទទួលទាំងអស់ឬ ស្ត្រីទាំងនោះទូលថា ទទួលទាំងអស់ ។ ព្រះរាជា ទ្រង់ពិរោធនឹងព្រះថេរៈថា ព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតត្រឹមចីវរ ៣ ព្រះអានន្ទត្ថេរប្រហែលជាធ្វើអ្នកជំនួញសំពត់ទេដឹង ទើបទទួលសំពត់ច្រើន ដល់ម្លេះ សោយព្រះក្រយាហារព្រឹកហើយទើបទៅកាន់វិហារដល់លំនៅរបស់ ព្រះថេរៈ ទ្រង់នមស្ការព្រះថេរៈហើយប្រថាប់គង់ត្រាស់សួរថា បពិត្រលោក ម្ចាស់ មេផ្ទះរបស់ខ្ញុំនៅស្តាប់ធម៌ រៀនធម៌ក្នុងសម្នាក់លោកម្ចាស់ឬ ព្រះអានន្ទពោលថា ថ្វាយព្រះពរ ស្រីទាំងនោះនៅស្តាប់ធម៌ រៀនធម៌ រៀនវត្ថុ ដែលគួររៀន ស្តាប់វត្ថុដែលគួរស្តាប់ ។