អដ្ឋកថា សន្ថវជាតកទី ២
[ ១៧៣-១៧៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពនមហាវិហារទ្រង់ ប្រារព្ធការបូជាភ្លើង ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ន សន្ថវស្មា បរមត្ថិ បបិយោ ដូច្នេះជាដើម ។ រឿងទាំងអស់ដូចរឿងដែលពោលទុកហើយក្នុងនង្គុដ្ឋជាតក ( ឯកនិបាត ) ខាងដើមនោះឯង ។ បានឮថា ភិក្ខុទាំងឡាយឃើញជដិលទាំងនោះបូជាភ្លើងទើបទូលសួរព្រះមាន ព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ជដិលទាំងឡាយប្រព្រឹត្តតបៈខុស មានប្រការផ្សេងៗ សេចក្តីចម្រើនក្នុងការប្រព្រឹត្តតបៈនេះមានដែរឬហ្ន៎ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមានសេចក្តីចម្រើនណាមួយ ក្នុងការប្រព្រឹត្តតបៈដូច្នេះឡើយ សូម្បីបុរាណបណ្ឌិតសម្គាល់ថាមាន សេចក្តីចម្រើនព្រោះការបូជាភ្លើងទើបបូជាភ្លើងអស់កាលយូរ លុះឃើញថា មិនមានសេចក្តីចម្រើនក្នុងការបូជាភ្លើងនោះទើបយកទឹកលត់ភ្លើង យកមែក ឈើជាដើមវាយ មិនបានត្រឡប់មកមើលតទៅទៀតហើយទ្រង់នាំយករឿង ក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ។ មាតាបិតាដុតភ្លើងក្នុងថ្ងៃដែល ព្រះពោធិសត្វប្រសូតរក្សាទុកហើយពោលនឹងព្រះពោធិសត្វក្នុងកាលមានអាយុ ១៦ ឆ្នាំថា កូនជាទីស្រឡាញ់ កូនទទួលយកភ្លើងក្នុងថ្ងៃដែលកូនកើតទៅ បម្រើក្នុងព្រៃ ឬនឹងរៀនត្រៃវេទដើម្បីគ្រប់គ្រងសម្បត្តិជាឃរាវាស ព្រះ ពោធិសត្វឆ្លើយថា ខ្ញុំមិនត្រូវការនៅជាឃរាវាស ខ្ញុំនឹងបម្រើភ្លើងក្នុងព្រៃប្រាថ្នាព្រហ្មលោកហើយទើបទទួលយកភ្លើងកំណើត ថ្វាយបង្គំមាតាបិតា ចូលទៅក្នុង ព្រៃអាស្រ័យនៅក្នុងបណ្ណសាលាបម្រើភ្លើង ។