អដ្ឋកថា សុសីមជាតកទី ៣

ក្បាលទី 46 · ទំព័រ 85

[ ១៧៥-១៧៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពនមហាវិហារ ទ្រង់ ប្រារព្ធការថ្វាយទានតាមគាប់ចិត្ត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា កាឡា មិគា សេតទន្តា តវីមេ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងក្រុងសាវត្ថី ជួនកាលត្រកូលមួយបុណ្ណោះថ្វាយ ទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ជួនកាលច្រើននាក់រួមគ្នាថ្វាយជា គណៈ ជួនកាលថ្វាយតាមជួរនៃវិថី ជួនកាលអ្នកក្រុងទាំងមូលរួមឆន្ទៈគ្នា ថ្វាយទាន ។ តែក្នុងកាលនេះ អ្នកនគររួមឆន្ទៈគ្នាត្រៀមថ្វាយបរិក្ខារគ្រប់ ប្រភេទ ចែកគ្នាជា ២ ពួក ពួកមួយពោលថា ពួកយើងនឹងថ្វាយទានមួយ អន្លើដោយបរិក្ខារគ្រប់ប្រភេទដល់អញ្ញតិត្ថិយ មួយពួកពោលថា នឹងថ្វាយ ដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ។ កាលការប្រកែកគ្នាប្រព្រឹត្តទៅរឿយៗ យ៉ាងនេះ ពួកសាវ័កតិរ្ថិយក៏ពោលថា នឹងឲ្យដល់តិរ្ថិយបុណ្ណោះ ពួកសាវ័ក របស់ព្រះសម្ពុទ្ធក៏ពោលថា ថ្វាយដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន បុណ្ណោះ កាលពាក្យដែលនិយាយថា យើងនឹងធ្វើមានច្រើន ជនដែលពោល ថា យើងនឹងថ្វាយដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានមានច្រើន ជាធម្មតា ពាក្យរបស់ជនទាំងនោះក៏ជាពាក្យតាំងមាំ ។ ពួកសាវ័ករបស់តិរ្ថិយមិនអាច ធ្វើអន្តរាយដល់ទានដែលគួរថ្វាយដល់ព្រះពុទ្ធបាន ។ ទើបអ្នកក្រុងនិមន្តភិក្ខុ សង្ឃមានព្រះពុទ្ធជាប្រធាននាំគ្នាបំពេញមហាទានអស់ ៧ ថ្ងៃ ក្នុងថ្ងៃទី ៧ បានថ្វាយគ្រឿងបរិក្ខារគ្រប់ប្រភេទ ព្រះសាស្តាទ្រង់ធ្វើអនុមោទនា ឲ្យមហាជនភ្ញាក់ដោយមគ្គផលហើយទើបយាងទៅកាន់ជេតពនមហាវិហារ ។