អដ្ឋកថា ឧបសាឡ្ហជាតកទី ៦
[ ១៨១-១៨២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ព្រាហ្មណ៍ដែលប្រកាន់ការបរិសុទ្ធរបស់ព្រៃខ្មោចឈ្មោះឧបសាឡកៈ ត្រាស់ ព្រះធម្មទេសនានេះមានពាក្យផ្តើមថា ឧបសាឡកនាមានំ ដូច្នេះជាដើម ។ បានឮថា ព្រាហ្មណ៍នោះជាអ្នកស្តុកស្តម្ភដោយទ្រព្យតែព្រោះខ្លួនជាមិច្ឆាទិដ្ឋិទើបមិនបានធ្វើការសង្គ្រោះដល់ព្រះសម្ពុទ្ធ ដែលគង់នៅក្នុងព្រះវិហារក្បែរ នោះ តែកូនរបស់ព្រាហ្មណ៍មានការឈ្លាសវៃ មាននូវបញ្ញា ។ ព្រាហ្មណ៍ ផ្តាំកូនកាលដែលខ្លួនចាស់ជរាថា នែកូន ឯងកុំដុតអញក្នុងព្រៃខ្មោចដែលគេ ដុតមនុស្សល្ងង់ខ្លៅ តែគួរដុតអញក្នុងព្រៃខ្មោច ដែលមិនលាយឡំដោយបុគ្គល ណាម្នាក់ត្រង់ទីណាមួយ ។ កូនពោលថា បពិត្រលោកពុក កូនមិនដឹងទី ដែលគួរដុតលោកពុក យកល្អសូមពុកនាំកូនទៅប្រាប់ថា ចូរដុតត្រង់ទីនេះ ។ ព្រាហ្មណ៍ពោលថា សាធុ ហើយនាំកូនចេញអំពីនគរឡើងទៅកាន់កំពូលភ្នំ គិជ្ឈកូដពោលថា នែកូន ត្រង់នេះឯងជាទីដែលមិនច្រឡូកច្រឡំ ជាទីមិនធ្លាប់ ដុតមនុស្សល្ងង់ខ្លៅដទៃ កូនគួរដុតពុកត្រង់នេះហើយចុះអំពីភ្នំជាមួយកូន ។ ក្នុងថ្ងៃនោះពេលទៀបភ្លឺ ព្រះសាស្តាទ្រង់ប្រមើលមើលផៅពង្សបុគ្គល ដែលគួរប្រោស ទតឃើញឧបនិស្ស័យសោតាបត្តិមគ្គរបស់ពុកនិងកូននោះ ព្រោះដូច្នេះទើបទ្រង់កាន់យកផ្លូវនោះ យាងទៅកាន់ជើងភ្នំដូចព្រានព្រៃជំនាញ ក្នុងផ្លូវ គង់រង់ចាំពុកនិងកូនចុះអំពីកំពូលភ្នំ ។ ពុកនិងកូនចុះពីកំពូលភ្នំ បានឃើញព្រះសាស្តា ព្រះសាស្តាធ្វើបដិសណ្ឋារៈត្រាស់សួរថា ម្នាល ព្រាហ្មណ៍ តើអ្នកទៅណា មាណពប្រាប់សេចក្តីនោះឲ្យទ្រង់ជ្រាប ។