អដ្ឋកថា កល្យាណធម្មជាតកទី ១

ក្បាលទី 46 · ទំព័រ 126

[ ១៩១-១៩២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ម្តាយក្មេកត្រចៀកថ្លង់ម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កល្យាណធម្មោ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ក្នុងក្រុងសាវត្ថី មានកុដុម្ពិកៈម្នាក់ជាអ្នកមានសទ្ធាជ្រះថ្លា ដល់នូវត្រៃសរណគមន៍ រក្សាសីល ៥ ។ ថ្ងៃមួយ គាត់កាន់ភេសជ្ជៈមាន សប្បិជាដើមជាច្រើន មួយអន្លើដោយផ្កា និងគ្រឿងក្រអូបនិងសំពត់ជាដើម ទៅដោយគិតថានឹងស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ក្នុងវត្តជេតពន ។ ក្នុងកាលកុដុម្ពិកៈទៅក្នុងទីនោះ ម្តាយក្មេកម្នាក់ត្រៀមរបស់ទំពា របស់បរិភោគ បំណងសួរសុខទុក្ខកូនស្រីបានទៅកាន់ផ្ទះនោះ ។ តែម្តាយក្មេកជាមនុស្ស ត្រចៀកថ្លង់ កាលបរិភោគជាមួយនឹងកូនស្រីឆ្អែតហើយ ទើបសួរកូនស្រីថា នែកូន ប្តីរបស់កូននៅដោយការស្រឡាញ់ត្រេកអរមិនឈ្លោះទាស់ទែងទេឬ កូនស្រីឆ្លើយថា មែនិយាយថ្វីយ៉ាងនោះ បុគ្គលដែលដល់ព្រមដោយសីល និងមារយាទដូចកូនប្រសារបស់មែសូម្បីអ្នកបួសក៏គង់រកបានដោយលំបាក ។ ឧបាសិកាស្តាប់ពាក្យកូនស្រីមិនច្បាស់ កាន់យកតែបទថាបួសបុណ្ណោះ ទើប គំហកឡើងថា ហេតុអ្វី ទើបប្តីរបស់នាងបួស ។ បណ្តាអ្នកនៅផ្ទះជិតខាង បានឮដូច្នោះនាំគ្នាពោលថា បានឮថា កុដុម្ពិកៈរបស់ពួកយើងបួសហើយ ។ បណ្តាបុគ្គលដែលដើរឆ្លងទៅមកតាមផ្លូវមុខផ្ទះបានឮសំឡេងរបស់មនុស្ស ទាំងនោះទើបសួរថា តើមានរឿងអ្វី ជនទាំងនោះឆ្លើយថា បានឮថា កុដុម្ពិកៈ ក្នុងផ្ទះនេះបានបួសហើយ ។ ឯកុដុម្ពិកៈកាលស្តាប់ធម៌របស់ព្រះទសពលហើយក៏ ចេញចាកវិហារ ត្រឡប់ចូលក្រុង ខណៈនោះបុរសម្នាក់ជួបក្នុងរវាងផ្លូវទើបពោលថា បានឮ ថាលោកបួស បុត្តភរិយាបរិវារក្នុងផ្ទះរបស់អ្នកនាំគ្នាស្រែកយំ ។