អដ្ឋកថា ទុព្ភិយមក្កដជាតកទី ៤
[ ១៩៧-១៩៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ភិក្ខុទេវទត្ត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អទម្ញ តេ វារិ ពហុត្តរូបំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយភិក្ខុទាំងឡាយអង្គុយសន្ទនាគ្នាក្នុងធម្មសភាអំពី ភាពអកតញ្ញូនិងការទ្រុស្តមិត្តរបស់ទេវទត្ត ។ ព្រះសាស្តាត្រាស់ថា ទេវទត្ត ជាអកតញ្ញូទ្រុស្តមិត្តមិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីកាលមុនក៏យ៉ាង នេះដូចគ្នា ហើយទ្រង់នាំរឿងក្នុងអតីតមកត្រាស់ថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍មួយក្នុងដែនកាសី ចម្រើនវ័យហើយ តម្កល់ខ្លួនជាឃរាវាស ។ សម័យនោះ មានអណ្តូងទឹកជ្រៅមួយនៅត្រង់ផ្លូវ ធំក្នុងដែនកាសី សត្វតិរច្ឆានទាំងឡាយឆ្លងទៅមកមិនបាន ។ ពួកមនុស្សប ្រាថ្នាបុណ្យដើរមកតាមផ្លូវនោះ ប្រើត្រឡោកមានខ្សែវែងដងទឹកដាក់ពេញ ស្នូកមួយឲ្យសត្វតិរច្ឆានផឹក នៅជុំវិញអណ្តូងនោះជាព្រៃធំ ស្វាជាច្រើន អាស្រ័យនៅក្នុងព្រៃនោះ ។ តមកតាមផ្លូវនោះមិនមានអ្នកដំណើរដើរទៅមក អស់ ២-៣ ថ្ងៃ ទើបសត្វតិរច្ឆានមិនបានទឹកផឹក ។ ក្នុងកាលនោះស្វាមួយស្រេកទឹកខ្លាំងដើររកទឹកផឹកក្បែរៗអណ្តូង ។ ព្រះ ពោធិសត្វធ្វើដំណើរតាមផ្លូវនោះដោយកិច្ចឯណានីមួយទើបដងទឹកក្នុងអណ្តូង នោះផឹក លាងដៃនិងជើងឃើញស្វានោះដឹងថា ស្រេកទឹកទើបដងទឹកដាក់ ស្នូកឲ្យផឹកស្រេចហើយគិតនឹងសម្រាក ទើបដេកក្រោមដើមឈើមួយដើម ។