អដ្ឋកថា កឡាយមុដ្ឋិជាតកទី ៦
[ ២០១-២០២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ព្រះបាទកោសល ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ពាលោ វតាយំ ទុមសាខគោចរោ ដូច្នេះជាដើម ។ រឿងពិស្តារថា សម័យមួយក្នុងរដូវភ្លៀងនៅឯជាយដែនរបស់ស្តេចកោសល់មានការបះបោរ ពួកអ្នកចម្បាំងដែលនៅឯជាយដែននោះបានធ្វើការ ច្បាំងអស់វារៈ ២-៣ ដងក៏មិនអាចយកឈ្នះសត្រូវបានទើបថ្វាយដំណឹងឲ្យ ព្រះរាជាទ្រង់ជ្រាប ។ ព្រះរាជាយាងចេញក្នុងរដូវភ្លៀងដែលមិនគួរដល់កាលវេលា ទើបទ្រង់បោះព្រះពន្លាក្បែរវត្តជេតពនទ្រង់ត្រិះរិះថា អញចេញដំណើរ ក្នុងកាលដែលមិនសមគួរ ញកភ្នំនិងជ្រោះជាដើមពេញដោយទឹក ផ្លូវធ្វើ ដំណើរក៏លំបាក អញនឹងចូលគាល់ព្រះសាស្តាទ្រង់នឹងត្រាស់សួរអញថា មហាបពិត្រយាងទៅណា អញនឹងក្រាបទូលរឿងឲ្យទ្រង់ជ្រាប ព្រះសាស្តា ទ្រង់អនុគ្រោះដល់អញចំពោះប្រយោជន៍ខាងមុខបុណ្ណោះក៏មិនមែនប្រយោជន៍ ក្នុងបច្ចុប្បន្នក៏ទ្រង់អនុគ្រោះដូចគ្នា ព្រោះហេតុនោះប្រសិនបើអញទៅមិន ចម្រើនទ្រង់នឹងត្រាស់ថា មហាបពិត្រ មិនទាន់ដល់កាលនឹងទ្រង់យាងទៅ បើមានសេចក្តីចម្រើនទ្រង់នឹងនៅស្ងៀម ទើបចូលទៅកាន់វត្តជេតពនហើយ ថ្វាយបង្គំព្រះសាស្តា ប្រថាប់គង់ក្នុងចំណែកម្ខាង ។ ព្រះសាស្តា ទ្រង់ធ្វើ បដិសណ្ឋារៈហើយត្រាស់សួរថា មហាបពិត្រ ទ្រង់យាងទៅណាទាំងកណ្តាល ថ្ងៃ ព្រះរាជាក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចេញទៅបង្រ្កាប ការបះបោរនៅឯជាយដែន មកនេះដោយគិតថានឹងថ្វាយបង្គំព្រះអង្គហើយ ទៅ ។ ព្រះសាស្តាត្រាស់ថា មហាបពិត្រ ក្នុងកាលមុនព្រះរាជាទាំងឡាយ កាលនឹងលើកទ័ពទៅបានស្តាប់ពាក្យរបស់បណ្ឌិតហើយក៏ មិនយាងទៅក្នុង កាលដែលមិនសមគួរ កាលព្រះរាជាអារាធនាទើបទ្រង់នាំយកអតីតនិទាន