អដ្ឋកថា តិន្ទុកជាតកទី ៧

ក្បាលទី 46 · ទំព័រ 153

[ ២០៣-២០៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បញ្ញាបារមី ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ធនុហត្ថកលាបេហិ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ព្រះសាស្តាកាលទ្រង់ស្តាប់វាចាពណ៌នាគុណនៃបញ្ញា របស់ព្រះអង្គដូចក្នុងមហាពោធិជាតកនិងឧម្មង្គជាតក ( មហោសធជាតក ) ហើយទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមានបញ្ញាមិនមែនតែក្នុង ឥឡូវនេះបុណ្ណោះទេ ក្នុងកាលមុនក៏មានបញ្ញានិងឈ្លាសក្នុងឧបាយដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតពានរ មានស្វា ៨០០០០ ជាបរិវារនៅ អាស្រ័យក្នុងហិមវន្តប្បទេស ។ ក្បែរហិមវន្តប្បទេសនោះមានស្រុកជាយដែន មួយជួនកាលមានមនុស្សរស់នៅ ជួនកាលក៏មិនមានមនុស្សរស់នៅ ។ ត្រង់ កណ្តាលស្រុកនោះមានដើមទន្លាប់មួយដើម មានមែកនិងប្រគាបបរិបូណ៌ផ្លែ មានរសឆ្ងាញ់ ។ ហ្វូងស្វានាំគ្នាមកស៊ីផ្លែទន្លាប់នោះក្នុងកាលដែលមិនមាន មនុស្សរស់នៅ ក្នុងកាលតមកក្នុងរដូវដែលមានផ្លែ ស្រុកនោះក៏មានមនុស្ស រស់នៅ ផ្ទះនៃមនុស្សរៀង ៗ គ្នា ពួកមនុស្សប្រកបទ្វារធ្វើអំពីដើមបបុស ។ ដើមទន្លាប់នោះ ក៏ចេញផ្លែមែកក៏ទោរទន់ ។ ហ្វូងស្វាគិតថា ពីមុនយើងស៊ីផ្លែ ទន្លាប់ត្រង់ស្រុកនោះ ឥឡូវនេះ ទន្លាប់នោះមានផ្លែឬនៅហ្ន៎ ស្រុកនោះមាន មនុស្សរស់នៅឬហ្ន៎ កាលគិតដូច្នេះហើយ ទើបបញ្ជូនស្វាមួយទៅប្រាប់ថា ឯង ចូរទៅសេបមើល ។