កច្ឆបជាតកទី ៨
ក្បាលទី 46 · ទំព័រ 158
( អណ្តើកនិយាយថា ) ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចម្រើនហើយ ( ក្នុងទីនេះ ) ភក់បានកប់សង្កត់ខ្ញុំនោះធ្វើឲ្យទុព្វពលភាព បពិត្រភគ្គវៈ ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្តាប់នូវពាក្យខ្ញុំចុះ ។ បុគ្គលបានសេចក្តីសុខក្នុងទីណា ទោះក្នុងស្រុកឬក្នុងព្រៃ ទីនោះហើយជាទីកើត ជាទីចម្រើនរបស់បុរសជាអ្នកដឹង ( នូវប្រយោជន៍ និងមិនមែនប្រយោជន៍ ) បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅសម្លាប់ខ្លួនបានឡើយ ។