អដ្ឋកថា កច្ឆបជាតកទី ៨
[ ២០៥-២០៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ អ្នករួចចាកអហិវាតករោគម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ជនិតំ មេ ភវិតំ មេ ដូច្នេះជាដើម ។ បានឮថា ក្នុងក្រុងសាវត្ថីបានកើតអហិវាតករោគក្នុងត្រកូលមួយ ទើប មាតាបិតាប្រាប់ដល់កូនថា នែកូន ចូរកូនកុំនៅក្នុងផ្ទះនេះឡើយ ចូរទម្លាយ ជញ្ជាំងគេចទៅក្នុងទីណាមួយរក្សាជីវិត ខាងក្រោយសឹមត្រឡប់មកជីកទ្រព្យ ដែលមាតាបិតាកប់ទុកក្នុងទីនេះ ហើយរក្សាទ្រព្យចិញ្ចឹមជីវិតរស់នៅជាសុខចុះ កូននោះទទួលពាក្យរបស់មាតាបិតាហើយទម្លាយជញ្ជាំងផ្ទះរត់ទៅ កាលរោគ របស់ខ្លួនស្ងប់ល្អហើយ ទើបត្រឡប់មកជីកយកទ្រព្យដែលកប់ គ្រប់គ្រងផ្ទះ ជាសុខ ។ ថ្ងៃមួយបុរសនោះឲ្យមនុស្សកាន់សប្បិ ប្រេង សំពត់គ្រឿងស្លៀក ដណ្តប់ជាដើម ទៅកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្តាហើយអង្គុយ ព្រះសាស្តា ទ្រង់ធ្វើបដិសណ្ឋារៈហើយត្រាស់សួរថា បានឮថា អហិវាតករោគ កើតឡើងក្នុងផ្ទះរបស់អ្នក អ្នកធ្វើដូចម្តេចទើបរួចមកបាន បុរសនោះក្រាប ទូលរឿងនោះឲ្យទ្រង់ជ្រាប ។ ព្រះសាស្តាត្រាស់ថា ម្នាលឧបាសក ក្នុង កាលមុនជនទាំងឡាយណា កាលភ័យកើតឡើងធ្វើនូវសេចក្តីអាល័យក្នុងលំនៅ នៃខ្លួនមិនព្រមទៅកាន់ទីដទៃ ជនទាំងនោះដល់នូវការអស់ជីវិតតែជនទាំងឡាយ ណាមិនធ្វើសេចក្តីអាល័យ មិនជាប់ជំពាក់ក្នុងលំនៅរបស់ខ្លួនទៅកាន់លំនៅ ដទៃ ជនទាំងនោះរួចជីវិតហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅ នេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលស្មូនឆ្នាំងក្បែរភូមិមួយកន្លែង ធ្វើឆ្នាំងចិញ្ចឹមកូន ប្រពន្ធ ។