អដ្ឋកថា សតធម្មជាតកទី ៩
[ ២០៧-២០៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការ ស្វែងរកមិនប្រពៃ ២១ ប្រការ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា តញ្ច អប្បញ្ច ឧច្ឆិដ្ឋំ ដូច្នេះជាដើម ។ រឿងពិស្តារថា សម័យមួយភិក្ខុជាច្រើនសម្រេចជីវិតដោយការស្វែងរក មិនគួរ ២១ យ៉ាង មានការធ្វើគ្រូហ្ម ធ្វើជាទូតបញ្ជូនដំណឹង ទទួលបម្រើ ឲ្យឈើស្ទន់ ឲ្យឫស្សី ឲ្យផ្កា ឲ្យផ្លែឈើ ឲ្យលម្ហិតសម្រាប់លាប ឲ្យគរុភណ្ឌ ឲ្យថ្នាំ ឲ្យបិណ្ឌបាត ។ អនេសនៈនោះមានច្បាស់ក្នុងសាកេតជាតក ឯណោះ ។ ព្រះសាស្តាទ្រង់ជ្រាបការចិញ្ចឹមជីវិតរបស់ភិក្ខុទាំងនោះ ទ្រង់ព្រះតម្រិះថា ឥឡូវនេះភិក្ខុជាច្រើនញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ដោយការស្វែងរកមិនប្រសើរ កាលសម្រេចជីវិតយ៉ាងនេះហើយនឹងមិនផុតភាពជាយក្ខ ជាប្រេត នឹងកើត ជាគោអូសរទេះ នឹងកើតក្នុងនរក តថាគតគួរពោលធម្មទេសនាណាមួយ ដែលជាអធ្យាស្រ័យរបស់ខ្លួនដើម្បីឲ្យកើតបញ្ញា ដើម្បីជាប្រយោជន៍ ដើម្បី សេចក្តីសុខរបស់ពួកភិក្ខុទាំងនោះ ហើយត្រាស់ឲ្យហៅពួកភិក្ខុប្រជុំគ្នាត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនគួរឲ្យបច្ច័យកើតឡើងដោយការ ស្វែងរកមិនគួរ ២១ យ៉ាង ព្រោះបិណ្ឌបាតដែលកើតឡើងដោយការស្វែងរក មិនគួរដូចជាដុំលោហៈក្តៅ ថ្នាំពិសដែលមានពិសដ៏ពន្លឹក ពិតហើយការ ស្វែងរកមិនគួរនេះ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធនិងសាវ័ករបស់ព្រះពុទ្ធតិះដៀល ជំទាស់ កាលភិក្ខុបរិភោគបិណ្ឌបាតដែលកើតឡើងដោយការស្វែងរកដែល មិនគួរ នឹងមិនមានការត្រេកអរឬសោមនស្សឡើយព្រោះថា បិណ្ឌបាតដែល កើតឡើងយ៉ាងនេះដូចគ្នានឹងអាហារសំណល់របស់មនុស្សចណ្ឌាល ។