អដ្ឋកថា ទុទ្ទទជាតកទី ១០
[ ២០៩-២១០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធការថ្វាយ ទានរបស់គណៈ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ទុទ្ទទំ ទទមានានំ ដូច្នេះជាដើម ។ បានឮថា ក្នុងក្រុងសាវត្ថីសម្លាញ់ពីរនាក់ជាបុត្តរបស់កុដុម្ពិកៈ រួមគ្នាឲ្យទាន មានបរិក្ខារគ្រប់យ៉ាង និមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ថ្វាយមហាទានអស់ ៧ ថ្ងៃ ក្នុងថ្ងៃទី ៧ បានថ្វាយបរិក្ខារគ្រប់ប្រភេទ ។ ក្នុងជនទាំងនោះ មនុស្សដែលជាប្រធានគណៈ ថ្វាយបង្គំព្រះសាស្តា អង្គុយក្នុងទីសមគួរ នាចំណែកម្ខាងហើយវេរថ្វាយថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងការថ្វាយទាន នេះ មានទាំងអ្នកថ្វាយតិច មានទាំងអ្នកថ្វាយច្រើន សូមការថ្វាយនេះមាន ផលច្រើន ដល់ជនទាំងនោះគ្រប់គ្នាចុះ ។ ព្រះសាស្តាត្រាស់ថា ឧបាសក ឧបាសិកាទាំងឡាយ ពួកអ្នកថ្វាយទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយវេរយ៉ាងនេះជាការធ្វើធំក្រៃលែងហើយ សូម្បីបុរាណកបណ្ឌិតទាំងឡាយ ក៏ថ្វាយទានវេរយ៉ាងនេះដូចគ្នា កាលជនទាំងនោះទូលអារាធនា ទើបទ្រង់ នាំយកអតីតនិទានមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ដែនកាសី កាលចម្រើនវ័យហើយទៅកាន់ នគរតក្កសិលាបានរៀនសិប្បៈគ្រប់យ៉ាង ស្រេចហើយលះឃរាវាស បួស ជាឥសី បានជាគ្រូប្រចាំគណៈក្នុងហិមវន្តប្បទេសអស់កាលដ៏យូរ ត្រាច់ ចារិកទៅកាន់ជនបទដើម្បីសេពរសជូរនិងរសប្រៃបានទៅដល់នគរពារាណសី ស្នាក់នៅក្នុងព្រះរាជឧទ្យាន ព្រឹកឡើងទើបត្រាច់បិណ្ឌបាត មួយអន្លើដោយ បរិស័ទតាមលំដាប់ផ្ទះ ។ ពួកមនុស្សនាំគ្នាថ្វាយភិក្ខា ។ ស្អែកឡើងត្រាច់ បិណ្ឌបាត ក្នុងនគរពារាណសី ពួកមនុស្សនាំ