អដ្ឋកថា ចតុមដ្ឋជាតកទី ៧
[ ២២៣-២២៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឧច្ចេ វិដភិមារុយ្ញ ដូច្នេះជាដើម ។ បានឮថា ថ្ងៃមួយកាលអគ្គសាវ័ក ២ រូប អង្គុយសន្ទនាប្រារព្ធការសួរ និងការឆ្លើយបញ្ញាដល់គ្នានឹងគ្នា ភិក្ខុចាស់មួយរូប ចូលទៅរកអគ្គសាវ័កទាំង ២ អង្គុយជាគម្រប់ ៣ ពោលថា បពិត្រលោកម្ចាស់ ខ្ញុំសូមសួរបញ្ញាមួយ សូម្បីលោកក៏ចូរសួរបញ្ញាដែលលោកសង្ស័យជាមួយខ្ញុំចុះ ។ ព្រះថេរៈ រង្កៀសចំពោះភិក្ខុចាស់នោះក្រោកឡើងចៀសចេញទៅ ។ ពួកបរិស័ទអង្គុយ ដើម្បីស្តាប់ធម៌របស់ព្រះថេរៈ នាំគ្នាទៅគាល់ព្រះសាស្តា ក្នុងពេលដែលការប្រជុំ រំសាយទៅ កាលព្រះសាស្តាត្រាស់សួរថា ហេតុអ្វីទើបពួកអ្នកមកខុស កាល ទើបក្រាបទូលហេតុនោះឲ្យទ្រង់ជ្រាប ។ ព្រះសាស្តាត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ សារីបុត្តនិងមោគ្គល្លានរង្កៀសភិក្ខុចាស់នោះ មិននិយាយហើយ ចៀសចេញទៅមិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុនក៏នាំគ្នា ចៀសចេញទៅ រួចទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតរុក្ខទេវតានៅក្នុងដងព្រៃ ។ កាលនោះកូនហង្ស ២ ចេញអំពីភ្នំចិត្តកូដទំត្រង់ដើមឈើនោះហើយទៅរកអាហារ គ្រាហើរ ត្រឡប់ក៏មកសម្រាកត្រង់ដើមឈើនោះឯង ទើបត្រឡប់ទៅកាន់ភ្នំចិត្តកូដ ។ ពេលវេលាកន្លងទៅ ហង្សទាំង ២ ក៏មានសេចក្តីស្និទ្ធស្នាលជាមួយព្រះ ពោធិសត្វ ។ កាលហើរឆ្លងទៅឆ្លងមក ជនទាំង ៣ ក៏ត្រេកអរសន្ទនាធម៌ ដល់គ្នានឹងគ្នាហើយចៀសចេញទៅ ។