អដ្ឋកថា សីហធម្មជាតកទី ៩

ក្បាលទី 46 · ទំព័រ 219

[ ២២៧-២២៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កោកាលិកភិក្ខុនោះឯង ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា នេតំ សីហស្ស នទិតំ ដូច្នេះជាដើម ។ ក្នុងកាលនោះកោកាលិកភិក្ខុបំណងនឹងពោលសរភញ្ញ ។ ព្រះសាស្តា ទ្រង់ស្តាប់រឿងនោះហើយទើបទ្រង់នាំរឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអ្នកស្រែ កាលចម្រើនវ័យចិញ្ចឹមជីវិតដោយ កសិកម្មនោះឯង ។ ក្នុងកាលនោះមានឈ្មួញម្នាក់ដើរលក់ដូរដោយការដឹក ទំនិញលើខ្នងលា ។ ឈ្មួញនោះលើកទំនិញចុះអំពីខ្នងលាក្នុងទីដែលទៅដល់ ហើយយកស្បែករាជសីហ៍ដណ្តប់លា លែងឲ្យទៅរកស៊ីត្រង់ស្រែស្រូវសាលី និងស្រូវដំណើប ។ អ្នករក្សាស្រែឃើញហើយមិនអាចចូលជិត ដោយ សម្គាល់ថាជារាជសីហ៍ ។ ថ្ងៃមួយឈ្មួញនោះស្នាក់នៅត្រង់ទ្វារស្រុកមួយ កន្លែង ចម្អិនអាហារពេលព្រឹក បន្ទាប់មកយកស្បែករាជសីហ៍ដណ្តប់ខ្នងលា លែងឲ្យទៅរកស៊ីក្នុងស្រែស្រូវដំណើប ។ ពួកអ្នកស្រែឃើញលានោះក៏មិន អាចចូលជិតបានដោយសម្គាល់ថាជារាជសីហ៍ទើបនាំគ្នាត្រឡប់ទៅផ្ទះ ។ ពួក អ្នកស្រុកទាំងអស់នាំគ្នាកាន់អាវុធ ផ្លុំស័ង្ខ រោទ៍ស្គរ ស្រែកហើយចូលមក ជិត ។ លាខ្លាចស្លាប់ទើបបន្លឺសំឡេងជាលា កាលនោះព្រះពោធិសត្វដឹងថា ជាសត្វលាទើបពោលគាថាទីមួយថា នុ៎ះមិនមែនសម្រែកសីហៈ មិនមែនសម្រែកខ្លាធំ មិនមែន សម្រែកខ្លាដំបងទេ លាដ៏លាមកគេដណ្តប់គ្របដោយស្បែក សីហៈស្រែកទេតើ ដូច្នេះ ។