អដ្ឋកថា ចុល្លបទុមជាតកទី ៣

ក្បាលទី 46 · ទំព័រ 233

[ ២៣៥-២៣៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុក ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អយមេវ សា អហម្បិ សោ អនញ្ញោ ដូច្នេះជាដើម ។ រឿងមានច្បាស់ក្នុងឧម្មាទន្តីជាតក ( បញ្ញាសនិបាត ) ឯណោះ ។ ក្នុងរឿងនេះភិក្ខុនោះកាលព្រះសាស្តាត្រាស់សួរថា បានឮថាអ្នកអផ្សុក ពិតឬ ក៏ក្រាបទូលថា ករុណាព្រះអង្គ ។ ព្រះសាស្តាត្រាស់សួរថា តើអ្នក អផ្សុកព្រោះហេតុអ្វី ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ឃើញមាតុគ្រាមម្នាក់តែងខ្លួនយ៉ាងស្អាត ហើយធ្លាក់នៅក្នុងអំណាចកិលេស ទើបអផ្សុក ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ មាតុគ្រាមជាអកតញ្ញូទ្រុស្តមិត្ត មានចិត្តរឹងត្អឹង សូម្បីបុរាណកបណ្ឌិតឲ្យផឹកឈាមក្បាលជង្គង់ស្តាំរបស់ខ្លួន ឲ្យបាននូវជីវិតគង់ទាញចិត្តមាតុគ្រាមមិនបាន ហើយទ្រង់នាំអតីតនិទានមក សម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វ បដិសន្ធិក្នុងព្រះផ្ទៃរបស់អគ្គមហេសីរបស់ព្រះរាជាអង្គនោះ ក្នុង ថ្ងៃថ្វាយព្រះនាមបានទទួលព្រះរាជទានព្រះនាមថា បទុមរាជកុមារ ។ បទុមរាជកុមារមានបងប្អូន ៦ អង្គទៀត ។ ក្សត្រទាំង ៧ អង្គនោះចម្រើនព្រះជន្ម ឡើងដោយលំដាប់ គ្រប់គ្រងផ្ទះទ្រង់ប្រព្រឹត្តដូចព្រះរាជា ។ ថ្ងៃមួយព្រះរាជា ទតត្រង់លានព្រះរាជវាំង ទ្រង់ឃើញព្រះរាជកុមារបងប្អូនទាំងនោះមានបរិវារ ច្រើននាំគ្នាមកបដិបត្តិរាជការ ទ្រង់កើតសេចក្តីសង្ស័យថា ព្រះរាជកុមារទាំងនេះ គប្បីសម្លាប់អញហើយដណ្តើមយករាជសម្បត្តិ ទើបត្រាស់ហៅព្រះរាជកុមារទាំងនោះមកត្រាស់ថា នែបាទាំងឡាយ ពួកបានៅក្នុងនគរនេះមិនបាន ទេចូរទៅកាន់ទីដទៃច