អដ្ឋកថា មណិចោរជាតកទី ៤
[ ២៣៧-២៣៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ទេវទត្តដែលព្យាយាមផ្តាច់ព្រះជន្ម ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើម ថា ន សន្តិ ទេវា បវសន្តិ នូន ដូច្នេះជាដើម ។ ព្រះសាស្តាទ្រង់ព្រះសណ្តាប់ថា ទេវទត្តព្យាយាមផ្តាច់ព្រះជន្មទើបត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តព្យាយាមសម្លាប់តថាគតមិនមែនតែក្នុងកាល ឥឡូវនេះទេសូម្បីក្នុងកាលមុនក៏ព្យាយាមសម្លាប់តថាគតដូចគ្នា តែទោះជា ព្យាយាមក៏មិនអាចសម្លាប់តថាគតបាន ទើបទ្រង់នាំយករឿងក្នុងអតីតមក សម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលគហបតី ត្រង់ស្រុកមួយមិនឆ្ងាយអំពីនគរពារាណសី ។ កាលចម្រើនវ័យទើបមាតាបិតានាំកុលធីតាមកអំពីនគរពារាណសី ។ នាងជាទីស្រឡាញ់ មានរូបស្អាតគួរមើលដូចទេពអប្សរ ដូចបុប្ផលតានិងដូច កិន្នរីយាងយាស បដិបត្តិស្វាមីល្អដល់ព្រមដោយសីលាចារវត្តមានឈ្មោះថា សុជាតា ។ ការបដិបត្តិស្វាមីក្តី ម្តាយក្មេកក្តី ពុកក្មេកក្តីស្រីនេះធ្វើទាល់តែ សម្រេចអស់ អស់កាលជានិច្ចទើបនាងជាទីស្រឡាញ់ ជាទីត្រេកអររបស់ ព្រះពោធិសត្វ ។ ប្តីប្រពន្ធទាំង ២ មានចិត្តត្រេកអររួមគ្នាតែមួយរស់នៅ ដោយស្រុះស្រួលគ្នា ។ ថ្ងៃមួយនាងសុជាតាប្រាប់ដល់ព្រះពោធិសត្វថាចង់ទៅសួរសុខទុក្ខមាតាបិតា ។ ព្រះពោធិសត្វពោលថា សាធុ ចូរត្រៀមស្បៀងឲ្យគ្រប់គ្រាន់ឲ្យ ចេនោរបស់ទំពាច្រើនប្រភេទ ហើយផ្ទុករបស់ទំពាជាដើមលើយានតូច អង្គុយ ខាងមុខយានបរទៅ ឯនាងអង្គុយខាងក្រោយ ព្រះពោធិសត្វនិងភរិយាទៅ ជិតដល់នគរទើបដោះយាន ងូតទឹក បរិភោគអាហារ ។