អដ្ឋកថា បព្វតូបត្ថរជាតកទី ៥
[ ២៣៩-២៤០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ព្រះបាទកោសល ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បព្វតូបន្ថរេ រម្មេ ដូច្នេះជាដើម ។ បានឮថា អាមាត្យម្នាក់របស់ព្រះបាទកោសលបង្កនូវការប្រទូស្តខាងក្នុង ព្រះរាជវាំង ( ប្រទូស្តស្រីស្នំ ) ព្រះរាជាទ្រង់សេបដឹងរឿងនោះជាក់ច្បាស់ ហើយ ទើបយាងទៅកាន់វត្តជេតពនដោយទ្រង់ព្រះតម្រិះថានឹងក្រាបទូលព្រះសាស្តា ថ្វាយបង្គំព្រះសាស្តា ហើយត្រាស់សួរថា បពិត្រព្រះអង្គដ៏ចម្រើន អាមាត្យម្នាក់ ប្រទូស្តខាងក្នុងព្រះរាជវាំងរបស់ខ្ញុំព្រះអង្គ គួរធ្វើដូចម្តេចដល់ អាមាត្យនោះ ព្រះសាស្តាត្រាស់សួរព្រះរាជាថា មហាបពិត្រ អាមាត្យនោះ មានឧបការៈចំពោះព្រះអង្គឬ ហើយស្រីនោះជាទីស្រឡាញ់របស់ព្រះអង្គឬ ព្រះរាជាក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដូច្នោះពិតមែនអាមាត្យនោះ មានឧបការៈក្រៃលែងជួយការងារក្នុងរាជត្រកូលគ្រប់យ៉ាងផង ស្រីនោះក៏ជាទី ស្រឡាញ់របស់ខ្ញុំព្រះអង្គផងទើបព្រះសាស្តាមានព្រះតម្រាស់ថា មហាបពិត្រ ទ្រង់មិនគួរដាក់ទោសក្នុងសេវកៈ ដែលមានឧបការៈនិងក្នុងស្រីដែលជាទី ស្រឡាញ់របស់ព្រះអង្គឡើយ សូម្បីក្នុងកាលមុនព្រះរាជាទាំងឡាយស្តាប់ពាក្យ របស់ពួកបណ្ឌិតក៏ទ្រង់ដាក់ព្រះទ័យជាកណ្តាល កាលព្រះរាជាទូលអារាធនា ទើបទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអាមាត្យ កាលចម្រើនវ័យក៏បាននាទីក្នុងការថ្វាយ អត្ថនិងធម៌ដល់ព្រះរាជាអង្គនោះ ។