អដ្ឋកថា រាធជាតកទី ៨
[ ២៤៥-២៤៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុ អផ្សុកមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា បវាសា អាគតោ តាត ដូច្នេះជាដើម ។ បានឮថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នក អផ្សុកពិតឬ ភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គ ព្រះមានព្រះភាគត្រាស់ សួរថា ព្រោះហេតុអ្វីទើបអ្នកអផ្សុក ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គ ព្រោះឃើញស្ត្រីរូបស្អាតមួយរូប ទើបអផ្សុកដោយអំណាចកិលេស ។ លំដាប់ នោះព្រះសាស្តាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ ធម្មតាមាតុគ្រាមបុគ្គលណា មួយក៏មិនអាចរក្សាបានសូម្បីក្នុងកាលមុនគេដាក់អ្នកយាមទ្វាររក្សាទុក នៅតែ មិនអាចរក្សាបាន អ្នកត្រូវការមាតុគ្រាមធ្វើអ្វី សូម្បីបានហើយក៏មិនអាចរក្សា បាន ហើយទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតសេកឈ្មោះរាធៈ ។ សេកនោះមានប្អូនឈ្មោះ បោដ្ឋបាទ ព្រាហ្មណ៍ម្នាក់ចាប់សេក ២ នាក់បងប្អូនក្នុងកាលនៅជាកូនតូច ឲ្យដល់ព្រាហ្មណ៍ម្នាក់ក្នុងក្រុងពារាណសី ។ ព្រាហ្មណ៍នោះចិញ្ចឹមសេកទុក ក្នុងឋានៈជាកូន តែព្រាហ្មណីរបស់ព្រាហ្មណ៍ជាស្រីមិនរក្សាខ្លួន ជាស្រីទ្រុស្ត សីល ។ កាលព្រាហ្មណ៍ទៅធ្វើការលក់ដូរបានហៅកូនសេកនោះមកប្រាប់ថា នែបា ពុកទៅធ្វើការជួញដូរចូរឯងទាំង ២ មើលការធ្វើរបស់ម្តាយឯងទាំង ក្នុងពេលថ្ងៃទាំងក្នុងពេលយប់គប្បីពិនិត្យមើលថា មានប្រុសដទៃមកឬអត់ កាលប្រគល់នាងព្រាហ្មណីនឹងកូនសេកហើយចេញទៅ ។