អដ្ឋកថា គហបតិជាតកទី ៩
[ ២៤៧-២៤៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុកដូចគ្នា ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឧភយំ មេ ន ខមតិ ដូច្នេះជាដើម ។ ព្រះសាស្តាកាលត្រាស់ទើបត្រាស់ថា ឈ្មោះថា មាតុគ្រាមរក្សាមិនបាន ធ្វើនូវកម្មអាក្រក់ហើយរមែងបោកប្តីដោយឧបាយណាមួយ ហើយទ្រង់នាំយក រឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលគហបតីនាដែនកាសី កាលចម្រើនវ័យបានគ្រប់គ្រង ឃរាវាស ។ ភរិយារបស់ព្រះពោធិសត្វនោះជាស្រីទ្រុស្តសីល ប្រព្រឹត្ត អនាចារជាមួយមេស្រុក ។ ព្រះពោធិសត្វជ្រាបអាកប្បកិរិយាទើបចាំឃ្លាំ មើល ។ ក្នុងកាលនោះជារដូវភ្លៀង កាលស្រូវមិនទាន់ទុំក៏កើតការអត់ឃ្លាន លុះដល់ស្រូវផ្តើមអ្នកស្រុកទាំងអស់មូលមិត្តគ្នាខ្ចីគោចាស់មួយរបស់មេស្រុក មកបរិភោគសាច់ដោយសន្យាថា ពីរខែទៀតច្រូតកាត់ហើយនឹងឲ្យស្រូវ ។ ថ្ងៃមួយមេស្រុកបានឱកាស ទើបចូលទៅកាន់ផ្ទះក្នុងកាលដែលព្រះពោធិសត្វចេញទៅខាងក្រៅ ។ ក្នុងខណៈជនទាំង ២ ដេកជាសុខនោះឯង ព្រះ ពោធិសត្វក៏ចូលទៅតាមខ្លោងទ្វារបែរមុខទៅក្នុងផ្ទះ ។ ស្រីនោះងាកមកតាម ទ្វារឃើញព្រះពោធិសត្វគិតថា អ្នកណាហ្ន៎ ទើបឈរមើលត្រង់ធរណីទ្វារ កាលដឹងថាព្រះពោធិសត្វនោះឯងទើបប្រាប់ដល់មេស្រុក មេស្រុកមានខ្លួនញ័រ ចំប្រប់ ។ ស្រីនោះប្រាប់ដល់មេស្រុកថា កុំខ្លាច កុំខ្លាច ខ្ញុំមានឧបាយមួយ ពួកយើងខ្ចីគោរបស់លោកមកស៊ីសាច់ សូមលោកធ្វ្វើជាអ្នកទារថ្លៃសាច់ ខ្ញុំនឹង ឡើងទៅកាន់ជង្រុកស្រូវហើយឈរត្រង់ទ្វារប្រាប់លោកថា ស្រូវមិនមាន លោកឈរត្រង់កណ្តាលផ្ទះ ហើយទាររឿយៗថា ពួកក្មេងក្នុងផ្ទះរបស់យើង ឃ្លាន