អដ្ឋកថា សាធុសីលជាតកទី ១០

ក្បាលទី 46 · ទំព័រ 275

[ ២៤៩-២៥០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ព្រាហ្មណ៍ម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សរីរទព្យំ វុឌ្ឍព្យំ ដូច្នេះជាដើម ។ បានឮថា ព្រាហ្មណ៍នោះមានកូនក្រមុំ ៤ នាក់ មានបុរស ៤ នាក់ត្រូវការ កូនក្រមុំទាំងនោះ ។ ក្នុងបុរស ៤ នាក់នោះបុរសម្នាក់រូបស្អាតដល់ព្រម ដោយសរីរៈ បុរសម្នាក់ទៀតអាយុច្រើនជាមនុស្សចាស់ បុរសម្នាក់ទៀតដល់ ព្រមដោយជាតិ បុរសម្នាក់ទៀតដល់ព្រមដោយសីល ។ ព្រាហ្មណ៍គិតថា កាលរេបោចំកូនស្រីគួរឲ្យដល់នរណាហ្ន៎ គួរឲ្យដល់អ្នករូបស្អាត អ្នកមាន អាយុច្រើន អ្នកសម្បូរដោយជាតិ ឬអ្នកមានសីលណាមួយល្អ ។ សូម្បី គាត់ព្យាយាមគិតក៏មិនដឹងទើបគិតថា ព្រះសម្មាសម្ពុទ្ធទ្រង់នឹងជ្រាបហេតុនេះ អញនឹងទូលសួរព្រះអង្គ ហើយលើកកូនស្រីឲ្យដល់បុគ្គលដែលសមគួរក្នុង រវាងមនុស្សទាំងនោះ ទើបកាន់យកគ្រឿងក្រអូប ផ្កាកម្រងជាដើមទៅវិហារ ថ្វាយបង្គំព្រះសាស្តា អង្គុយនាចំណែកម្ខាង ក្រាបទូលសេចក្តីនោះដល់ព្រះមាន ព្រះភាគហើយសួរថា បពិត្រព្រះអង្គដ៏ចម្រើន គួរឲ្យដល់នរណាក្នុង បុរសទាំង ៤ នាក់នេះ ។ ព្រះសាស្តាត្រាស់ថា ក្នុងកាលមុនបណ្ឌិតទាំងឡាយ ក៏សួរបញ្ញានេះដល់តថាគតតែព្រោះអន្តរនៃភពទើបមិនអាចចាំបាន កាល ព្រាហ្មណ៍ទូលអារាធនា ទើបទ្រង់នាំយករឿងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ រៀនសិប្បៈក្នុងនគរតក្កសិលាហើយ បានជាអាចារ្យទិសាបាមោក្ខក្នុងនគរតក្កសិលា ។ កាលនោះព្រាហ្មណ៍ម្នាក់ មានកូនក្រមុំ ៤ នាក់ មានបុរស ៤ នាក់ត្រូវការកូនស្រីទាំងនោះ ។