អដ្ឋកថា ខន្ធបរិត្តជាតកទី ៣
[ ២៥៥-២៥៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វិរូបក្ខេហិ មេ មេត្តំ ដូច្នេះជាដើម ។ បានឮថា កាលភិក្ខុនោះកំពុងពុះឧសក្នុងរោងភ្លើង ពស់មួយលូនចេញមក អំពីចន្លោះឈើពុកបានខាំភិក្ខុត្រង់ម្រាមជើង ។ ភិក្ខុនោះមរណភាពក្នុងទីនោះ មួយរំពេច ។ រឿងដែលភិក្ខុនោះមរណភាពបានប្រាកដទៅពេញវត្ត ភិក្ខុ ទាំងឡាយប្រជុំសន្ទនាគ្នាក្នុងធម្មសភាថា បានឮថា ភិក្ខុរូបនោះកំពុងពុះឧស ត្រង់រោងភ្លើងត្រូវពស់ចឹករហូតអស់ជីវិតភ្លាមនោះឯង ។ ព្រះសាស្តាយាងមកកាន់ ធម្មសភាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នក អង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយទូលឲ្យទ្រង់ជ្រាបថា បពិត្រ ព្រះអង្គដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុរូប នោះបានចម្រើនមេត្តាផ្សាយដល់ត្រកូលស្តេចពស់ទាំង ៤ ហើយពស់ក៏មិន ចឹកភិក្ខុនោះ ។ តាបសទាំងឡាយដែលជាបណ្ឌិតក្នុងកាលមុន កាលព្រះពុទ្ធ មិនទាន់កើតឡើង ក៏បានចម្រើនមេត្តាផ្សាយទៅកាន់ត្រកូលស្តេចពស់ទាំង ៤ ផុតភ័យដែលកើតព្រោះអាស្រ័យត្រកូលស្តេចពស់ទាំងនោះហើយទ្រង់នាំយក រឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វ កើតក្នុងត្រកូលព្រាហ្មណ៍ក្នុងដែនកាសី កាលចម្រើនវ័យលះ កាមសុខចេញបួសជាឥសីញ៉ាំងអភិញ្ញានិងសមាបត្តិឲ្យកើត សាងអាស្រមបទ ត្រង់ឆ្នេរស្ទឹងមួយកន្លែងក្នុងហិមវន្តប្បទេស ត្រេកអរក្នុងឈាន ជាគ្រូប្រចាំ គណៈ មានពួកឥសីចោមរោមរស់នៅយ៉ាងសុខស្ងប់ ។