អដ្ឋកថា គង្គេយ្យជាតកទី ៥

ក្បាលទី 46 · ទំព័រ 305

[ ២៥៩-២៦០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុជាសម្លាញ់ ២ រូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សោភន្តិ មច្ឆា គង្គេយ្យា ដូច្នេះជាដើម ។ បានឮថា ភិក្ខុទាំង ២ នោះ ជាកុលបុត្តអ្នកក្រុងសាវត្ថីបួសក្នុងសាសនា ហើយមិនបានបំពេញអសុភភាវនា ពេញចិត្តក្នុងការសរសើររូប ដើរអួតអាង តែរឿងរូប ។ ថ្ងៃមួយភិក្ខុទាំង ២ នោះកើតនូវការជជែកគ្នាក្នុងរឿងរូបថា លោកស្អាត ខ្ញុំក៏ស្អាត ឃើញព្រះថេរៈមួយរូបអង្គុយនៅមិនឆ្ងាយពោលថា ព្រះថេរៈរូបនេះនឹងដឹងយើងថា ស្អាតឬមិនស្អាត ទើបចូលទៅរកសួរថា បពិត្រលោកម្ចាស់ ខ្ញុំទាំង ២ នេះអ្នកណាស្អាតជាងអ្នកណា ព្រះថេរៈឆ្លើយ ថា ខ្ញុំនេះឯងស្អាតជាងពួកលោក ។ ភិក្ខុកំលោះទាំង ២ រូបគិតថា ព្រះថេរៈ ចាស់នេះ មិនឆ្លើយពាក្យដែលអញសួរ បែរជាឆ្លើយពាក្យដែលអញមិនសួរ ទើបជេរហើយចៀសចេញទៅ ។ កិរិយារបស់ភិក្ខុ ២ រូបនោះបានប្រាកដក្នុង ចំណោមសង្ឃ ។ ថ្ងៃមួយភិក្ខុទាំងឡាយអង្គុយប្រជុំសន្ទនាគ្នាក្នុងធម្មសភាថា បានឮថា ព្រះថេរៈ ចាស់បានធ្វើឲ្យភិក្ខុកំលោះដែលអួតរឿងរូបសម្បត្តិទាំង ២ នោះដល់នូវ ការខ្មាស ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់ មិញនេះពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះអង្គដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកំលោះ ២ រូបនេះមិនមែនប្រណាំងប្រជែងរូបតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុនភិក្ខុទាំង ២ ក៏ត្រាច់សរសើររូបដូចគ្នា ហើយទ្រង់នាំយក រឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតជារុក្ខទេវត