អដ្ឋកថា អស្សកជាតកទី ៧
[ ២៦៣-២៦៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការលួងលោមរបស់បុរាណទុតិយិកា ត្រាស់ព្រះធម្មទេសនានេះ មានពាក្យ ផ្តើមថា អយមស្សករាជេន ដូច្នេះជាដើម ។ មានសេចក្តីសង្ខេបថា ភិក្ខុនោះកាលព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតមែនឬ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គ ពិតមែន ព្រះសាស្តាត្រាស់ថា ព្រោះហេតុអ្វីទើបអ្នកអផ្សុក ភិក្ខុនោះក្រាបទូល ថា ព្រោះអតីតភរិយារបស់ខ្ញុំព្រះអង្គ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ស្រីនោះមានសេចក្តីស្រឡាញ់ក្នុងអ្នកតែក្នុងកាលឥឡូវនេះបុណ្ណោះ ក៏មិនមែន សូម្បីក្នុងកាលមុនអ្នកក៏បានទទួលទុក្ខធំព្រោះអាស្រ័យស្រីនោះដូចគ្នា ហើយ ទ្រង់នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះរាជាព្រះនាមអស្សកៈ គ្រងរាជសម្បត្តិក្នុងនគរឈ្មោះ បាដលិក្នុងដែនកាសី ។ ទ្រង់មានអគ្គមហេសីព្រះនាមថា ឧព្វរី ជាទីស្រឡាញ់ គាប់ព្រះទ័យរបស់ព្រះអង្គ មានរូបឆោមស្អាតគួរពិតពិលរមិលមើល មានព្រះ ឆវីក្រៃលែងជាងមនុស្សតែមិនដល់ពណ៌សម្បុរជាទិព្វ ។ ព្រះនាងអស់ព្រះជន្ម ទាំងដែលរូបនៅស្អាត ។ ព្រះរាជាទ្រង់សោកាសោយទុក្ខទោមនស្សពន់ពេក ព្រោះការអស់ព្រះជន្មរបស់ព្រះនាងនោះ ។ ព្រះរាជាឲ្យលើកសពរបស់ព្រះនាង ដាក់មឈូសហើយចាក់ប្រេងពេញរក្សាទុក លើកទៅតម្កល់ក្រោមព្រះ ទេនសយនា ទ្រង់អត់ព្រះក្រយាហារ ផ្ទំព្រះកន្សែងបរិទេវនាការ ។ ព្រះរាជ មាតាបិតា ព្រះញាតិមិត្តនិងអាមាត្យ ព្រាហ្មណ៍ គហបតីជាដើមនាំគ្នាលួងលោម ថា បពិត្រព្រះសម្មតិទេពសូមទ្រង់កុំសោយសោកឡើយ សង្ខារទាំងឡាយ ជារបស់មិនទៀង ក៏មិនអាចឲ្យទ្រង់ត្រេកអរបាន ។ ទ្រង់យំរៀបរាប់ ដូច្នោះអស់ ៧ ថ្ងៃ ។ កាលនោះព្