បុណ្ណនទីជាតកទី ៤
ក្បាលទី 46 · ទំព័រ 348
( ព្រះរាជាទ្រង់លិខិតក្នុងព្រះរាជសាសន៍ថា ) ជនទាំងឡាយ ពោលនូវស្ទឹង ដែលល្មមសត្វណាផឹកបាន ថាជាស្ទឹងពេញហើយផង ជនទាំងឡាយពោលនូវសន្ទូង ដែលល្មមសត្វណាពួនបាន ថាជាសន្ទូងកើត ហើយផង ជនទាំងឡាយហៅរកនូវបុគ្គលដែលទៅហើយកាន់ទីឆ្ងាយដោយ សត្វណាផង សត្វនោះយើងនាំមកហើយដើម្បីអ្នក ម្នាលព្រាហ្មណ៍ចូរអ្នក បរិភោគ ( នូវសាច់ក្អែកនេះ ) ចុះ ។ ( ពោធិសត្វពោលថា ) កាលណាស្តេចរពឫកអញសូម្បីតែ សាច់ក្អែកក៏ផើមក ( កាលស្តេចបាន ) ហង្សក្តី ក្រៀលក្តី ក្ងោកក្តី ( ហេតុ អ្វីក៏មិនរពឫក ) ការមិនរពឫកនេះឯងជាសេចក្តីលាមកបំផុត ( ក្នុងលោក ) ។