អដ្ឋកថា កច្ឆបជាតកទី ៥

ក្បាលទី 46 · ទំព័រ 353

[ ២៧៩-២៨០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កោកាលិកភិក្ខុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អវធិ វត អត្តានំ ដូច្នេះជាដើម ។ រឿងមានច្បាស់ក្នុងមហាតក្ការិយជាតក ។ ក្នុងគ្រានោះ ព្រះសាស្តាត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ កោកាលិកមិនមែនសម្លាប់ខ្លួនឯងព្រោះតែវាចាក្នុង កាលឥឡូវនេះបុណ្ណោះទេ កាលមុនក៏សម្លាប់ខ្លួនដោយវាចាដូចគ្នា ទើបទ្រង់ នាំយករឿងក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលអាមាត្យ កាលចម្រើនវ័យបានជាអ្នកទូន្មានអត្ថ និងធម៌របស់ព្រះរាជាអង្គនោះ តែព្រះរាជាចូលចិត្តនិយាយច្រើន កាលទ្រង់ និយាយ អ្នកដទៃមិនមានឱកាសពោលបានឡើយ ។ ព្រះពោធិសត្វបំណង នឹងឃាត់នូវការនិយាយច្រើនរបស់ព្រះរាជាអង្គនោះ ទើបគិតរកឧបាយណាមួយ ។ ក្នុងកាលនោះមានអណ្តើកមួយអាស្រ័យនៅក្នុងស្រះមួយនាហិមវន្តប្បទេស មានកូនហង្ស ២ រកស៊ីរហូតស្និទ្ធស្នាលជាមួយនឹងអណ្តើក ។ កូន ហង្សទាំង ២ នោះស្និទ្ធស្នាលហើយ ថ្ងៃមួយទើបនិយាយនឹងអណ្តើកថា អណ្តើកសម្លាញ់ ត្រង់គុហាមាសលើភ្នំចិត្តកូដនាព្រៃហិមពាន្តរបស់ពួកយើង ជាប្រទេសគួររីករាយ ឯងទៅជាមួយខ្ញុំឬទេ អណ្តើកសួរថា ខ្ញុំនឹងទៅបាន ដូចម្តេច កូនហង្សពោលថា ខ្ញុំនឹងនាំឯងទៅបើឯងរក្សាមាត់បាន ឯងមិន ត្រូវនិយាយអ្វីជាមួយបុគ្គលណាឡើយ ។ អណ្តើកឆ្លើយថា បានពួកឯងនាំ ខ្ញុំទៅចុះ ទើបកូនហង្សទាំង ២ ឲ្យអណ្តើកខាំកំណាត់ឈើមួយ ខ្លួនឯងពាំ ចុងទាំងសងខាងហើរទៅក្នុងអាកាស ។ ពួកក្មេងអ្នកស្រុកឃើញហង្សនាំ អណ្តើកទៅដូច្នោះក៏បង្កូកឡើងថា ហង្ស ២ នាំអណ្តើកទៅដោយកំណាត់ឈើ អណ្តើកចង់ពោលថា នែក្ម