អដ្ឋកថា កុម្ភីលជាតកទី ៤
ក្បាលទី 46 · ទំព័រ 414
[ ២៩៧-២៩៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ទេវទត្តភិក្ខុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យស្សេតេ ចតុរោ ធម្មា ដូច្នេះជាដើម ។ ព្រះពោធិសត្វបានពោលគាថាទាំងនេះថា បុគ្គលណាមានធម៌ ៤ យ៉ាងគឺ សច្ចៈ ១ សុចរិតធម៌ ១ សេចក្តីព្យាយាម ១ ចាគៈ ១ ជាគុណដ៏ចម្រើនក្រៃលែង បុគ្គលនោះរមែងកន្លងនូវសត្រូវបាន ។ ចំណែកបុគ្គលណាមិនមានធម៌ ៤ យ៉ាងនេះគឺ សច្ចៈ ១ សុចរិតធម៌ ១ សេចក្តីព្យាយាម ១ ចាគៈ ១ ជាគុណដ៏ ចម្រើនក្រៃលែង បុគ្គលនោះ រមែងមិនកន្លងនូវសត្រូវបានទេ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា គុណា បរមភទ្ទកា សេចក្តីថា បុគ្គល ណាមិនមានគុណធម៌ដ៏ចម្រើនទាំង ៤ ប្រការនេះដោយភាពជាពួក ជាក្រុម ទេ បុគ្គលនោះរមែងមិនកន្លងនូវសត្រូវបានឡើយ ។ សេចក្តីដ៏សេសទាំងអស់ ក្នុងជាតកនេះនិងការប្រជុំជាតកមានន័យដូចពោលហើយក្នុងកុម្ភីលជាតក ( វានរិន្ទជាតក ) ខាងដើមនោះឯង ។