អដ្ឋកថា ខន្តិវណ្ណនជាតកទី ៥

ក្បាលទី 46 · ទំព័រ 416

[ ២៩៩-៣០០ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ស្តេចកោសល ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អត្ថិ មេ បុរិសោ ទេវ ដូច្នេះជាដើម ។ បានឮថា អាមាត្យរបស់ស្តេចកោសលម្នាក់មានឧបការៈច្រើនបានលប លួចធ្វើសហាយស្មន់ជាមួយស្រីស្នំ ។ ព្រះរាជាទ្រង់ជ្រាបក៏ទ្រង់អត់សង្កត់នៅ ស្ងៀមដោយគិតថាជាអ្នកមានឧបការៈដល់អញ បានក្រាបទូលដល់ព្រះសាស្តា ព្រះសាស្តាត្រាស់ថា បពិត្រមហារាជ សូម្បីព្រះរាជាក្នុងកាលមុនក៏អត់សង្កត់ យ៉ាងនេះដូចគ្នា កាលព្រះបាទកោសលទូលអារាធនា ទើបទ្រង់នាំយករឿង ក្នុងអតីតមកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី អាមាត្យម្នាក់បានលបលួចផ្តិតក្បត់នឹងស្នំព្រះរាជា សូម្បីអ្នកបម្រើរបស់អាមាត្យ នោះក៏លបលួចផ្តិតក្បត់នឹងភរិយារបស់អាមាត្យនោះដូចគ្នា អាមាត្យនោះមិន អាចអត់ធន់នឹងកំហុសរបស់អ្នកបម្រើនោះបាន ទើបនាំខ្លួនទៅគាល់ព្រះរាជាដើម ្បីសួរថា បពិត្រព្រះសម្មតិទេព អ្នកបម្រើរបស់ទូលព្រះបង្គំម្នាក់ជាអ្នកធ្វើ កិច្ចការទាំងពួង បានផ្តិតក្បត់ជាមួយភរិយារបស់ទូលព្រះបង្គំ ទូលព្រះបង្គំគួរ ធ្វើដូចម្តេចដល់បុរសនេះទើបពោលគាថាទីមួយថា បពិត្រព្រះសម្មតិទេព មានបុរសរបស់ទូលព្រះបង្គំម្នាក់ ជាអ្នក ខ្វល់ខ្វាយក្នុងកិច្ចការទាំងពួង តែបុរសនោះ មានកំហុសមួយ ព្រះអង្គទ្រង់សម្គាល់ក្នុងកំហុសរបស់បុរសនោះថា គួរនឹងធ្វើ ដូចម្តេច ដូច្នេះ ។