អដ្ឋកថា គូថបាណកជាតកទី ៧

ក្បាលទី 46 · ទំព័រ 423

[ ៣០៣-៣០៤ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សូរោ សូរេន សង្គម្ម ដូច្នេះជាដើម ។ បានឮថា ក្នុងកាលនោះមានភូមិក្នុងស្រុកមួយ ចម្ងាយអំពីវត្តជេតពន មហាវិហារប្រមាណមួយយោជន៍និងមួយគាវុត ។ ត្រង់ស្រុកនោះមានសលាកភត្តនិងបក្ខិកភត្តជាច្រើន ។ មានបុរសកំបុតម្នាក់ចូលចិត្តសាកសួរបញ្ញាក្នុង ភូមិនោះ ។ បុរសនោះសួរបញ្ញាជាមួយភិក្ខុកំលោះនិងសាមណេរដែលទៅ ទទួលសលាកភត្តនិងបក្ខិកភត្តថា ជនពួកណាផឹក ជនពួកណាទំពាស៊ី ជនពួក ណាបរិភោគ ធ្វើឲ្យភិក្ខុកំលោះនិងសាមណេរទាំងនោះមិនអាចឆ្លើយបញ្ញាបាន ខ្មាសហើយ ។ ទើបភិក្ខុនិងសាមណេរទាំងឡាយ មិនទៅកាន់ភូមិនោះដើម្បី ទទួលសលាកភត្តនិងបក្ខិកភត្ត ព្រោះខ្លាចរអាបុរសកំបុតនោះ ។ ថ្ងៃមួយ ភិក្ខុមួយរូបទៅកាន់រោងស្លាកសួរថា បពិត្រលោកម្ចាស់ សលាកភត្តឬបក្ខិកភត្តត្រង់ភូមិនោះនៅមានឬ កាលភិក្ខុដែលជាភត្តុទ្ទេសកៈពោលថា នៅមាន តែភូមិនោះមានបុរសកំបុតម្នាក់សួរបញ្ញា ជេរភិក្ខុសាមណេរដែលមិនអាច ឆ្លើយបញ្ញាបានទើបមិនមាននរណាចង់ទៅព្រោះញញើតបុរសកំបុតនោះ ភិក្ខុ នោះពោលថា អាវុសោ ចូរឲ្យភត្តត្រង់ភូមិនោះដល់ខ្ញុំចុះ ខ្ញុំនឹងទូន្មានបុរស នោះ ធ្វើឲ្យអស់ព្យសន៍ និងធ្វើឲ្យគេចទៅព្រោះឃើញខ្ញុំ ។ ភិក្ខុទាំងឡាយ ទទួលថា សាធុ ហើយឲ្យភត្តត្រង់ភូមិនោះដល់ភិក្ខុនោះទើបភិក្ខុនោះទៅកាន់ ភូមិនោះដណ្តប់ចីវរត្រង់ទ្វារស្រុក ។ បុរសកំបុតឃើញភិក្ខុនោះ ក៏ប្រញាប់ ចូលទៅរកដូចពពែកាចហើយពោលថា មើលសមណៈ សូមឆ្លើយបញ្ញា របស់ខ្ញុំចុះ ។ ភិក្ខុនោះពោលថា ឧបាសក ចាំអាត្មាបិណ្ឌបាតក្នុងភូមិទទួល បបរមកសាលាអង្គុយសម្រាកសិនចុះ ។