អដ្ឋកថា បលាយិជាតកទី ៩
[ ៣០៧-៣០៨ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បលាយិបរិព្វាជក ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា គជគ្គមេឃេភិ ដូច្នេះជាដើម ។ បានឮថា បរិព្វាជកនោះត្រាច់ទៅពេញជម្ពូទ្វីបដើម្បីលើកវាទៈ មិនបាន ទទួលការតបវាទៈហើយរហូតដល់ក្រុងសាវត្ថីដោយលំដាប់ សួរមនុស្សទាំងឡាយ ថា បុគ្គលណាមួយអាចនឹងឆ្លើយវាទៈជាមួយយើងមានខ្លះទេ ។ ពួក មនុស្សនាំគ្នាសរសើរព្រះពុទ្ធអង្គថា ព្រះមហាគោតម ទ្រង់ជាសព្វញ្ញូជាង សត្វជើង ២ ទាំងឡាយ ជាអ្នកធំដោយធម៌ ញាំញីវាទៈនៃអ្នកដទៃ ជាអ្នក អាចនឹងឆ្លើយវាទៈជាមួយមនុស្សដូចអ្នកសូម្បីរាប់ពាន់អ្នកប្រាជ្ញខាងវាទៈដែល កើតឡើងក្នុងជម្ពូទ្វីប សូម្បីទាំងមូល ដែលអាចកន្លងព្រះដ៏មានព្រះភាគអង្គ នោះបានមិនមាន ។ បណ្តាវាទៈទាំងពួងមកដល់បាទមូលរបស់ព្រះអង្គក៏ខ្ចាត់ខ្ចាយ ទៅដូចរលកសមុទ្ទខ្ទប់ច្រាំងដូច្នោះ ។ បលាយិបរិព្វាជកសួរថា ឥឡូវនេះ ទ្រង់គង់នៅឯណា បានដំណឹងថា គង់ត្រង់វត្តជេតពនទើបពោលថា អញ នឹងទៅលើកវាទៈជាមួយព្រះអង្គ ក្នុងកាលឥឡូវនេះ ចោមរោមដោយមហាជន ទៅកាន់វត្តជេតពន លុះឃើញខ្លោងទ្វារវត្តជេតពនដែលព្រះរាជកុមារឈ្មោះ ថាជេតទ្រង់លះទ្រព្យ ៩ កោដិសាង ។ សួរថា នេះគឺប្រាសាទជាទីគង់របស់ ព្រះគោតមឬ បានឮថា នេះគឺខ្លោងទ្វារក៏ពោលថា ខ្លោងទ្វារគង់សម្បើមដល់ ម្លេះ គ្រឹះហាសនៈ គឺទីគង់ដូចម្តេចហ្ន៎ កាលមហាជនពោលថា ឈ្មោះថា ព្រះគន្ធកុដិប្រមាណមិនបានទើបពោលថា អ្នកណានឹងលើកវាទៈជាមួយព្រះគោតម ដែលមានសភាពបែបនេះបានទើបគេចទៅអំពីទីនោះឯង ។