អដ្ឋកថា ឧបាហនជាតកទី ១

ក្បាលទី 46 · ទំព័រ 445

[ ៣១១-៣១២ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ទេវទត្តភិក្ខុ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យថាបិ កីតា ដូច្នេះជាដើម ។ មានសេចក្តីសង្ខេបថា ភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងរោងធម្មសភាថា អាវុសោទាំងឡាយ ទេវទត្តភិក្ខុទ្រុស្តអាចារ្យ ក្លាយជាសត្រូវចំពោះព្រះតថាគត ដល់នូវសេចក្តីវិនាសធំ ។ ព្រះសាស្តាយាងមកកាន់ធម្មសភាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គ ដោយរឿងឈ្មោះនេះ ទើប ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តមិនមែនទ្រុស្តអាចារ្យ ជាអ្នកបដិបក្ខ ចំពោះតថាគត ដល់នូវសេចក្តីវិនាសធំតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេសូម្បី ក្នុងកាលមុនក៏ជាបដិបក្ខចំពោះតថាគតដូចគ្នា ហើយទ្រង់នាំយកអតីតនិទាន មកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលនាយហត្ថាចារ្យ កាលចម្រើនវ័យហើយក៏ សម្រេចហត្ថិសិប្បៈ កាលនោះមានមាណពអ្នកស្រុកកាសិគាមម្នាក់មករៀន សិប្បៈក្នុងសម្នាក់របស់ព្រះពោធិសត្វ ។ ធម្មតាព្រះពោធិសត្វទាំងឡាយកាល នឹងបង្រៀនសិប្បៈរមែងមិនលាក់វិជ្ជា ឲ្យសិក្សាតាមដែលខ្លួនចេះមកមិនមាន សេសសល់ ។ ព្រោះហេតុនោះទើបមាណពនោះរៀនសិប្បៈរបស់ព្រះពោធិសត្វទាល់តែអស់ ហើយពោលនឹងព្រះពោធិសត្វថា បពិត្រលោកអាចារ្យ ខ្ញុំនឹងទទួលរាជការ ព្រះពោធិសត្វពោលថា ប្រពៃហើយបា ទើបទៅក្រាបទូលព្រះ រាជាថា បពិត្រព្រះសម្មតិទេព សិស្សរបស់ទូលព្រះបង្គំ ប្រាថ្នានឹងទទួល រាជការ ។