វិកណ្ណកជាតកទី ៣

ក្បាលទី 46 · ទំព័រ 455

( បុរសអ្នកឲ្យបាយត្រីពោលថា ) ឯងប្រាថ្នាក្នុងទីណា ប្រាកដចូលទៅក្នុងទីនោះចុះ ឯងត្រូវច្បូកមុតហើយត្រង់ទីជាទីស្លាប់ ឯងជា សត្វរលោរលាំដេញតាមចាប់នូវត្រីទាំងឡាយ ត្រូវគេសម្លាប់ហើយដោយបាយ ព្រមទាំងគ្រឿងប្រគំ ។ ( ព្រះសាស្តាទ្រង់ត្រាស់ថា ) បុគ្គលកាលប្រព្រឹត្តទៅតាម លោកាមិសៈ ជាអ្នកលុះក្នុងអំណាចនៃចិត្ត រមែងក្តៅក្រហាយ បុគ្គលនោះ រមែងក្តៅក្រហាយក្នុងកណ្តាលពួកញាតិ និងសម្លាញ់ បុគ្គលនោះដូចក្រពើដេញ តាមនូវត្រីដូច្នោះ ។