អដ្ឋកថា វិកណ្ណកជាតកទី ៣
[ ៣១៥-៣១៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុអផ្សុកមួយរូប ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កាមំ យហឹ ឥច្ឆសិ តេន គច្ឆ ដូច្នេះជាដើម ។ មានសេចក្តីសង្ខេបថា ភិក្ខុនោះត្រូវនាំទៅកាន់ធម្មសភា ព្រះសាស្តា ត្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតឬ ក៏ក្រាបទូលថា ករុណា ព្រះអង្គ ព្រះសាស្តាត្រាស់សួរថា អ្នកអផ្សុកព្រោះហេតុអ្វី ភិក្ខុនោះក្រាប ទូលថា ព្រោះកាមគុណ ។ លំដាប់នោះទើបព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា កាមគុណនេះដូចគ្នានឹងច្បូក កាលតាំងនៅក្នុងបេះដូងម្តងហើយ តែងឲ្យដល់នូវសេចក្តីស្លាប់បាននោះឯង ដូចច្បូកដែលដោតចូលទៅហើយ គង់ញ៉ាំងក្រពើឲ្យដល់នូវសេចក្តីស្លាប់ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមក សម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះពោធិសត្វសោយរាជសម្បត្តិក្នុងនគរពារាណសីដោយ ធម៌ ។ ថ្ងៃមួយប្រពាតឧទ្យានយាងដល់ច្រាំងស្រះបោក្ខរណី អ្នកជំនាញក្នុង ការរាំច្រៀងជាដើម ក៏ប្រកបការរាំច្រៀងថ្វាយ ។ ត្រីនិងអណ្តើកទាំងឡាយត្រ ង់ស្រះបោក្ខរណីក៏មករួមគ្នាព្រោះមានចិត្តចង់ស្តាប់ក្នុងសំឡេងច្រៀងហែល ទឹកតាមព្រះរាជាទៅ ។ ព្រះរាជាទតឃើញហ្វូងត្រីប្រមាណបុនដើមត្នោតត្រា ស់សួរអាមាត្យទាំងឡាយថា នែអ្នកទាំងឡាយ ហេតុអ្វីហ្ន៎ទើបពួកត្រីទាំងនេះ ហែលតាមយើង ពួកអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព ត្រីទាំងនេះ រង់ចាំបម្រើព្រះអង្គ ព្រះរាជាទ្រង់ពេញព្រះហបឫទ័យថា ត្រីទាំងនេះគង់ រង់ចាំបម្រើអញទើបទ្រង់ប្រទានអាហារប្រចាំថ្ងៃដល់ត្រីទាំងនោះ ។