អដ្ឋកថា ឯកបទជាតកទី ៨

ក្បាលទី 46 · ទំព័រ 476

[ ៣២៥-៣២៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ កុដុម្ពិកៈម្នាក់ ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឥង្ឃ ឯកបទំ តាត ដូច្នេះជាដើម ។ បានឮថា កុដុម្ពិកៈម្នាក់ក្នុងក្រុងសាវត្ថី ថ្ងៃមួយកូនរបស់គាត់អង្គុយលើ ភ្លៅសួរបញ្ញាឈ្មោះថា អត្ថទ្វារ គឺទ្វារនៃប្រយោជន៍ ។ បុរសនោះគិតថា បញ្ញានេះជាពុទ្ធវិស័យ អ្នកដទៃមិនអាចឆ្លើយប្រស្នានេះបាន ទើបនាំកូនទៅកាន់ វត្តជេតពនថ្វាយបង្គំព្រះសាស្តាក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ទារកនេះ អង្គុយលើភ្លៅនៃខ្ញុំព្រះអង្គបានសួរបញ្ញាឈ្មោះអត្ថទ្វារ ខ្ញុំព្រះអង្គមិនជ្រាបបញ្ញា នោះទើបមកក្នុងទីនេះ បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ត្រាស់បញ្ញានេះនឹង ខ្ញុំព្រះអង្គចុះ ។ ព្រះសាស្តាត្រាស់ថា ម្នាលឧបាសក ទារកនេះស្វែងរក ប្រយោជន៍ក្នុងឥឡូវនេះបុណ្ណោះក៏មិនមែន កាលមុនក៏ជាអ្នកស្វែងរកប្រយោជន៍ បានសួរបញ្ញានេះនឹងបណ្ឌិត ។ បុរាណកបណ្ឌិតក៏ប្រាប់ដល់ទារកនោះហើយ តែទារកចាំមិនបានព្រោះអន្តរនៃភព ទើបទ្រង់នាំយកអតីតនិទានមកសម្តែង ដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលសេដ្ឋី ។ កាលនោះ កុមារតូចជាកូនរបស់ព្រះ ពោធិសត្វអង្គុយលើភ្លៅសួរថា បពិត្រលោកពុក សូមលោកពុកប្រាប់ បទមួយ គឺហេតុមួយដែលជាផ្លូវឲ្យដល់នូវប្រយោជន៍មិនមែនតិចដល់ខ្ញុំហើយ ពោលគាថាទីមួយថា បពិត្របិតា យើងញាុំងប្រយោជន៍ឲ្យសម្រេច ដោយបទណា សូមអញ្ជើញលោកប្រាប់នូវបទនោះតែមួយ ដែលអាស្រ័យ នូវបទជាប្រយោជន៍ច្រើនដែលសង្គ្រោះ ( រួមចូល ) តែមួយ ដូច្នេះ ។