អដ្ឋកថា មហាបិង្គលជាកតទី ១០

ក្បាលទី 46 · ទំព័រ 486

[ ៣២៩-៣៣១ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ទេវទត្ត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សព្វោ ជនោ ដូច្នេះ ជាដើម ។ កាលទេវទត្តចងអាឃាតជាមួយព្រះសាស្តា លិចចូលក្នុងផែនដីជិតខ្លោង ទ្វារវត្តជេតពនបាន ៩ ខែ អ្នកក្រុងសាវត្ថីនិងអ្នកដែនទាំងមូលត្រេកអរថា ទេវទត្តជាបន្លារបស់ព្រះពុទ្ធអង្គត្រូវផែនដីស្រូបហើយ ឥឡូវនេះព្រះសម្មាសម្ពុទ្ធទ្រង់កម្ចាត់សត្រូវបានហើយ ។ អ្នកជម្ពូទ្វីបទាំងមូល ពួកយក្ខ ភូតនិង ទេវតាទាំងឡាយក៏នាំគ្នាសប្បាយត្រេកអរពោលយ៉ាងនោះដូចគ្នា ។ ថ្ងៃមួយភិក្ខុទាំងឡាយប្រជុំគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ កាល ទេវទត្តលិចចូលក្នុងផែនដី មហាជនត្រេកអរថា ទេវទត្តជាចម្រូងចម្រាស់របស់ ព្រះពុទ្ធអង្គត្រូវផែនដីលេបហើយ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាល ភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដោយកថាឈ្មោះនេះ ទើប ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលទេវទត្តស្លាប់មហាជនសប្បាយត្រ េកអរមិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីតែក្នុងកាលមុនក៏ មហាជនត្រេកអរដូចគ្នា ហើយទ្រង់នាំយកអតីតនិទានមកសម្តែងដូចតទៅ នេះថា ក្នុងអតីតកាលមានព្រះរាជាព្រះនាមថា មហាបិង្គល សោយរាជសម្បត្តិ នៅក្នុងនគរពារាណសីដោយអធម៌ដែលជាធម៌មិនរាបស្មើ ធ្វើបាបកម្មដោយ អគតិ មានឆន្ទាគតិជាដើម បៀតបៀនមហាជនដោយអាជា ដោយពន្ធអាករ រឹបអូសយកប្រាក់មាសជាដើមដូចកំណាត់អំពៅដែលគ្រឿងយន្តគាបដូច្នោះ ។ ព្រះបាទមហាបិង្គលនោះជាស្តេចរឹងរូស គ្រោតគ្រាត ឃោរឃៅ ។ មិនមាន សូម្បីត្រឹមតែការអាណិតក្នុងអ្នកដទៃឡើយ ។