អដ្ឋកថា សព្វទាឋិជាតកទី ១
[ -៣៣២-៣៣៣ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធភិក្ខុ ទេវទត្ត ត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា សិគាលោ មានថទ្ធោ ច ដូច្នេះជាដើម ។ ទេវទត្តញ៉ាំងព្រះបាទអជាតសត្តុឲ្យជ្រះថ្លាហើយក៏ មិនអាចធ្វើលាភសក្ការ ៈដែលកើតឡើងហើយឲ្យតាំងនៅបានយូរ ។ លាភសក្ការៈរបស់ភិក្ខុ ទេវទត្តបានអស់ទៅ តាំងអំពីកាលដែលបានឃើញបាដិហារ្យក្នុងការលែងដំរី នាឡាគិរីហើយ ។ ថ្ងៃមួយភិក្ខុទាំងឡាយ ប្រជុំសន្ទនាគ្នាក្នុងធម្មសភាថា អាវុសោទាំងឡាយ ទេវទត្តញ៉ាំងលាភសក្ការៈឲ្យកើតឡើងហើយក៏មិនអាច ឲ្យតាំងនៅបានយូរ ។ ព្រះសាស្តាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដោយកថាឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ ទេវទត្តមិនមែនធ្វើលាភសក្ការៈដែលកើតដល់ខ្លួនឲ្យអស់ទៅក្នុង កាលឥឡូវនេះបុណ្ណោះទេសូម្បីក្នុងកាលមុនក៏បានធ្វើលាភសក្ការៈឲ្យអស់ ទៅហើយដូចគ្នា ហើយទ្រង់នាំយករឿងក្នុងអតីត មកសម្តែងដូចតទៅនេះថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វបានជាបុរោហិតនៃព្រះរាជាអង្គនោះ ជាអ្នកចប់ត្រៃវេទនិងសិល្បស្រាស្ត ១៨ ប្រការ ចេះនូវបឋវីវិជយមន្ត ។ ដែលហៅថា បឋវីវិជយមន្ត នោះគឺ មន្តត្រឡប់ចិត្តឲ្យវង្វេង ។ ថ្ងៃមួយព្រះពោធិសត្វគិតថានឹងស្វាធ្យាយ មន្តនោះទើបអង្គុយធ្វើការស្វាធ្យាយលើថ្មដាត្រង់ទួលមួយកន្លែង ។ បានឮថា មន្តនោះបុគ្គលមានចិត្តច្របូកច្របល់ ការទ្រទ្រង់ចាំមិនល្អមិនអាចឲ្យសម្រេចបាន ។ ព្រោះដូច្នោះទើបបុរោហិតអង្គុយស្វាធ្យាយក្នុងទីនោះ ។